Skip to content

January 8, 2020

ពន្យល់ពាក្យ(២)

by NEY SOKRA

ជំនួយការសិក្សា>បទានុក្រម>ពន្យល់ពាក្យ

ប្រភពឯកសារ ៖ គេហទំព័រ ថ្មីៗ

                    សម្រាប់ការចូលទៅកាន់ប្រភពឯកសារផ្ទាល់សូមចុច ៖ គេហទំព័រ ថ្មីៗ

ទំព័រទី១ < ទំព័រទី២ > ទំព័រទី៣

«​ច្នៃ​» មានន័យ​ខុសពី​«​ឆ្នៃ​»?

 ការពិត​ពាក្យ  «​ច្នៃ​» មានន័យ​ខុសគ្នា​ស្រឡះ នឹង​ពាក្យ «​ឆ្នៃ​»​។ «​ច្នៃ​»  មានន័យថា​ការបង្កើត​ឲ្យ​ចេញ​ជា​ស្នាដៃ​អ្វីមួយ​។ ចំណែក «​ឆ្នៃ​» មានន័យថា  មាន​មន្ទិល​ដោយ​ស្មាន​។ 
 វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ  ជួន ណាត បានបញ្ជាក់​ពាក្យ «​ច្នៃ​» មានន័យថា លៃលក​,  ធ្វើ​ឲ្យ​មាន​ពន្លឺ​,​កែសម្រួល​។  ច្នៃត្បូង​,​ច្នៃ​ដប​ទឹក​សុទ្ធ​ទៅជា​កាបូប​ដាក់​ប៊ិក​។ 
​ចំពោះ​ពាក្យ «​ឆ្នៃ​» វិញ មានន័យថា ការគិត​ដោយ​ស្មាន​, ដៅ​,​ប្រមាណ​។ កុំ​ឆ្នៃ​ដាក់​គេ​ផ្តេសផ្តាស​៕   

«​សំឡេង​» មិនមែន​«​សំលេង​»​ឬ​«​សម្លេង​»​ទេ​

 រហូតមកដល់​សព្វថ្ងៃ​នេះ  ពាក្យ​ទាំងនេះ នៅតែមាន​អ្នក​ប្រើ​មិនទាន់​ត្រឹមត្រូវ​នៅឡើយ​ទេ​។  តាម​ការបញ្ជាក់​ពី​វចនានុក្រម​សម្តេច ជួន ណាត  ពាក្យ​«​សំឡេង​»​តែមួយគត់​ដែលជា​ពាក្យ​ត្រឹមត្រូវ  ហើយ​ពលរដ្ឋ​គួរតែ​អនុវត្ត​ប្រើពាក្យ​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ 
 មិនមែន​មានតែ​ពាក្យ  «​សំឡេង​» តែមួយ​ប៉ុណ្ណោះ​នោះទេ​ដែល​ពលរដ្ឋ​ប្រើ​ខុស  សូម្បី​ពាក្យ​ដទៃទៀត​ក៏​ពលរដ្ឋ​ប្រើ​មិនទាន់​ឯកភាពគ្នា​នៅឡើយ​ទេ​។ 
 ​ពាក្យ​ទាំងនោះ​មានដូចជា សំលាញ់ ឬ​សំឡាញ់​, កំសាន្ត​,​ក​ម្លោះ​,  កំពស់​,​កំរិត​,​តំរូវ​, ច​រិ​ក ឬ​ចរិត​,​ចំការ​,​ចំរើន​, ចំនុច​,​ចំងាយ​,  ជ័យជំនះ​។ ពាក្យ​ដែល​ត្រូវ គឺ​សរសេរ​ជា សម្លាញ់​, កម្សាន្ត​,​កំលោះ​,  កម្ពស់​,​កម្រិត​,​តម្រូវ​, ចរិត​, ចម្ការ​,​ចម្រើន​,​ចំណុច​,​ចម្ងាយ​,  ជ័យជម្នះ អ៊ីចេះ​វិញ​ទើប​ត្រឹមត្រូវ​៕  

«​ជយោ​»​មិនមែន​«​ជ័​យោ​» និង​«​ជ័យ​យោ​»​ទេ

 ក្នុងចំណោម​ពាក្យ​ទាំងអស់នេះ  ពាក្យ​ដែល​បញ្ជាក់ថា​ត្រឹមត្រូវ គឺ «​ជយោ​» មិនមែន «​ជ័​យោ ឬ​ជ័យ​យោ​»  ឡើយ​។ នេះ​បើ​ផ្អែក​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ «​ជយោ​»  មានន័យថា សេចក្តីត្រេកអរ​នឹង​ជ័យជម្នះ​៕  

​«​ស្ថិត​ស្ថិរ​» ក៏បាន សរសេរ​«​ឋិតថេរ​» ក៏បាន

 វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ អាច​សរសេរ​មួយណា​ក៏បាន​គឺ​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​។ 
 វចនានុក្រម​ខ្មែរ​សម្តេច  ជួន ណាត ពាក្យ​«​ស្ថិត​ស្ថិរ​» ឬ​«​ឋិតថេរ​» បាន​បង្ហាញថា  ពាក្យ​ទាំងពីរ​នេះ ដើរតួ​ជា​គុណសព្ទ​មានន័យថា  ដែល​ឋិត​នៅ​យូរ​,​អង្វែង​,​ដែល​តាំងនៅ​មាំមួន​,​ខ្ជាប់ខ្ជួន  ដែល​ជាប់​បានយូរ​។ បើ​ដើរតួ​ជា​កិរិយាសព្ទ មានន័យថា ជាប់​យូរ​មកហើយ  ដែល​មិនដែល​ដាច់ មិនដែល​ឈប់​។ ឧ​ទារ​ហណ៍​៖ ធ្វើការ​ឋិតថេរ​៕  

«​ល្បើក​កថា​», «​សុន្ទរកថា​» និង​«​ឧ​បារម្ភ​កថា​»

  ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានបញ្ជាក់​រួចមក​ហើយ​អំពី​អត្ថន័យ​ខុសគ្នា​រវាង​ពាក្យ​ទាំងនេះ​។   ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​ពន្យល់​ពាក្យ​ទាំងបី​នេះ ដូចខាងក្រោម​៖  
  «​ល្បើក​កថា​»  ជា​ឧបទេស​អក្សរសិល្ប៍​មួយ​ប្រភេទ ដែល​កវី អ្នកនិពន្ធ តាក់តែង ជា​រឿងនិទាន  ដោយ​លើកយក​គុណវិបត្តិ​មនុស្ស​នៅក្នុង​សង្គម មក​ធ្វើជា​ប្រធាន​រឿង​។  តួអង្គ​នៅក្នុង​ល្បើក​កថា ភាគច្រើន​ជា​តួអង្គ សត្វ ជា​និមិត្តរូប  ឬ​គំរូ​មនុស្ស​ប្រភេទ​ណាមួយ​នៅក្នុង​សង្គម​។ ល្បើក​កថា ឆ្លុះបញ្ចាំង​ពី  ជីវភាព ទំនៀមទម្លាប់ បែបបទ​រស់នៅ​របស់​មនុស្ស  និង​បង្ហាញ​ពី​យុទ្ធវិធី​ផ្សេងៗ ក្នុងការ​ដោះស្រាយ​បញ្ហា​ជីវិត​។ ឧទាហរណ៍​៖  ល្បើកជុច និង​ត្រី​របស់​ហ្លួង​វិសេស​អក្ខរា​ដូង​។ 
  «​សុន្ទរកថា​» មានន័យថា ឧបទេស​អក្សរសិល្ប៍​មួយ​ប្រភេទ ដែល​កវី  និង​អ្នកនិពន្ធ សរសេរ សម្រាប់​ថ្លែង​នៅក្នុង​កម្មវិធី​អ្វីមួយ  ដែល​រៀបរាប់​ពី​លទ្ធផល​ការងារ​។  សន្ទរកថា ជា​សេ​ក្តី​ថ្លែង ដោយ​ភាព​ពីរោះ  សម្តី​គួរ​ចង់​ស្តាប់​។ ឧទាហរណ៍​៖ សូម​លោក​អញ្ជើញ​ថ្លែង សុន្ទរកថា  អំពី​ចំណាប់អារម្មណ៍​របស់លោក​។ 
  ​ចំណែក «​ឧ​បារម្ភ​កថា​» ប្រាប់​ពី​ឧបទេស​អក្សរសិល្ប៍ ដែល​កវី  និង​អ្នកនិពន្ធ សរសេរ​អត្ថបទ​ជា​ពាក្យរាយ ឬ​ជា​ពាក្យកាព្យ  រិះគន់​គុណវិបត្តិ​នៃ​សីលធម៌ នយោបាយ ជាពិសេស​រិះគន់​បុគ្គល​ក្នុងសង្គម​។   ឧទាហរណ៍​៖ នៅក្នុង​រឿង តា​ថេ​ន និង​ចៅ​សន​៕   

« វិច​» និង «​វេច​»

 ពាក្យ «​វិច​» និង «​វេច​» មាននៅ​ក្នុង​វចនានុក្រម​ខ្មែរ​ពិតមែន ហើយ​មាន​សូរសព្ទ​ក៏​ស្រដៀង​គ្នា​ទៀត តែមាន​អត្ថន័យ​ខុសគ្នា​។  
  បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ  ជួន ណាត «​វិច​» សំដៅលើ​ត្បា​យ ត្រឡប់ ចុង ភ្ជិត មុខ ចូលមក វិញ ។ ចំណែក  «​វេច​» មានន័យថា ធ្វើ​ឲ្យ​បង្វេច ។​
  «​វិច​» គឺ សំដៅលើ​អ្វីដែល​ខុស ទ្រង់ទ្រាយ ។ ឧទាហរណ៍​៖ វិច​មាត់ ,  វិច​ច្រមុះ ជាដើម​។ រីឯ ពាក្យ​« វេច​» មានន័យថា ខ្ចប់​ឲ្យ​ជា​សំណុំ​,  វេចបាយ , វេចសុំ វេច​ក្បិតក្បៀត លាក់ទុក​។​ល​។ 
  ​នៅមាន​ពាក្យ​ជាច្រើន​ផ្សេងទៀត ដែលមាន សូរសព្ទ ដូចគ្នា  តែ​អត្ថន័យ​ខុសគ្នា​។ ពាក្យ​នោះ មានដូចជា សូ , សូរ និង សូរ្យ , លិច ឬ លេច ,  ដុស ឬ ដុះ , រាជិនី ឬ រជនី , ស្ថាន ឬ ឋាន , កម្ម ឬ កាំ , ភ្លុក ឬ ថ្លុក ,   សិង , សិង្ហ ឬ សឹង​,​គន់​,​គុណ​,​គុន ។​ល​៕  

«​ស្វាង​ចែស​» និង​«​ស្វាង​ចេស​» មួយណា​ត្រឹមត្រូវ​?

  ត្រូវ​ចងចាំ​ថា  កាលណា​ប្រើ​ក្នុងន័យ​ថា ស្រឡះ​មុខមាត់ ស្វាងអារម្មណ៍ ភ្លឺ​ស្រឡះ ស្វាង​ឯកើត  ភ្លឺ​ឯលិច​នោះ គេ​ប្រើពាក្យ​«​ស្វាង​ចែស​»​។  នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត​។ 
  ពាក្យ​«​ចែស​»​និង​«​ចេស​»​មាននៅ​ក្នុង​វចនានុក្រម​ខ្មែរ​។  គ្រាន់តែ​គេ​ប្រើ​នៅក្នុង​ន័យ​ខាងលើ  គេ​មិនអាច​ប្រើពាក្យ​«​ចេស​»​ជាស្វាង​ចេស នោះទេ​។ កាលណា​គេ​ប្រើ​ជា​ពាក្យ  ស្វាង​ចេស គឺ​មានន័យថា សូត្រ ឬ​អំបោះ​ភ្លឺ​ស្រឡះ​ទៅវិញ​ទេ  ដែល​មិនត្រូវ​ន័យ​ពិតប្រាកដ​របស់​វា ថា​ជាការ​ស្រឡះ​មុខមាត់​ឡើយ​។ 
  ​វចនានុក្រម​ខ្មែរ​បានបញ្ជាក់​ពាក្យ​«​ចេស​» មានន័យ​ខុសពី​«​ចែស​»​។  «​ចេស​» ជា​នាមសព្ទ មានន័យថា សូត្រ ឬ​អំបោះ​ខ្មាញ់​តូចឆ្មារ  សម្រាប់​ប្រើការ​ដេរ​។ ចំណែក​ពាក្យ​«​ចែស​»​គេ​ប្រើ​ក្នុងន័យ​ថា  ក្តៅចែស​,​រឹង​ចែស គឺ​ក្តៅ​ខ្លាំង រឹង​ខ្លាំង​។ ក្នុងន័យ​មួយទៀត  បញ្ជាក់​ពី​ភាព​ជាក់ច្បាស់​, ឃើញច្បាស់​ចែស ភ្លឺចែស ជាដើម​៕   

តាសក់ ឬ ត្រសក់​?

  ពាក្យ «​តាសក់​»  ដែលជា​ឈ្មោះ​វល្លិ​ដំណាំ​មាន​ផ្លែ​ជា​អាហារ ដូចជា តាសក់ស្រូវ​, តាសក់ផ្អរ  ជាដើម​នោះ មាន​ពន្យល់​យ៉ាងច្បាស់​ក្នុង​វចនានុក្រម ខណៈ​ជាទូទៅ  យើង​សរសេរថា​«​ត្រសក់​»​។​                                                                            
  តាមពិតទៅ ដំណាំ  «​តាសក់​» និង «​ត្រសក់​» អាច​សរសេរ​បាន​ដូចគ្នា ដោយ​គ្រាន់តែ​ពាក្យ  «​តាសក់​» ត្រូវបាន​យកទៅ​ពន្យល់​ក្នុង​វចនានុក្រម​។ ពាក្យ «​ត្រសក់​»  ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ពន្យល់​ពាក្យ​ផ្សេងៗ​ក្នុង​វចនានុក្រម​ផងដែរ​។
 ប៉ុន្តែ  បើ​សំដៅលើ​សត្វ​ត្រី​វិញ គឺ​ត្រូវ​សរសេរថា ត្រី​ត្រសក់  (​ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ​)​។ វចនានុក្រម​សម្តេច ជួន ណាត សរសេរ​ជា  ត្រី​ត្រសក់ តែ​ម្យ៉ាង​ប៉ុណ្ណោះ ដោយ​ពុំមាន​ឃើញ​សរសេរ​ជា​ត្រី​តាសក់​ឡើយ​៕   

«​យុទ្ធសាស្ត្រ​» និង «​វិធីសាស្ត្រ​»

  បើតាម​វចនានុក្រម​ខ្មែរ​សម្តេច​ជួន  ណាត ពាក្យ​«​យុទ្ធសាស្ត្រ​» គេ​ប្រើ​នៅក្នុង​សម័យ​សង្គ្រាម មានន័យថា  ជា​ក្បួន​ចម្បាំង ក្បួន​សម្រាប់​ច្បាំង ដែលមាន​ជា​ក្បួន​ព្យូហ៍សឹក​ជាដើម​។  តែបើ​គេ​ប្រើពាក្យ​«​យុទ្ធសាស្ត្រ​»​ក្នុងស្ថានភាព​រកស៊ី  ឬ​ក្នុង​ការធ្វើ​អ្វីមួយ​វិញ មានន័យថា  ការរៀបចំ​ផែនការ​ក្នុង​ការធ្វើ​អ្វីមួយ​ដើម្បី​ឲ្យ​សម្រេចបាន​គោលដៅ​។  ឧទាហរណ៍​៖ បង្កើត​យុទ្ធសាស្ត្រ​ឡើង  ក្នុង​គោលបំណង​អភិវឌ្ឍ​ឲ្យ​បាន​ជោគជ័យ​។ 
  ​ចំពោះ​ពាក្យ​«​វិធីសាស្ត្រ​»  បញ្ជាក់​ពី​សកម្មភាព​ដែល​នឹង​ធ្វើឡើង​តាម​ផែន​ការដែល​បានរៀបចំ​ឡើង​។  ឧទាហរណ៍​៖ អនុវត្ត​នូវ​វិធីសាស្ត្រ ទើប​អាច​សម្រេចបាន​គោលដៅ​៕  

«​យាម​»​មានន័យ​ច្រើនបែប

  «​យាម​»​នៅក្នុង​ន័យ​ទី​១  សំដៅលើ  ប្រដាប់​របស់​នង្គ័ល​ដែល​ភ្ជាប់​ផ្នៀង​និង​ដង​មាន​សណ្ឋាន​រៀវ​ខាងចុង  រាង​កោង​ស្រួច​មក​ខាងក្រោយ​សម្រាប់​កាន់​ភ្ជួរ ដែល​គេ​ហៅថា យាមនង្គ័ល​។ 
  ​ក្នុងន័យ​ទី​២ «​យាម​»​បញ្ជាក់​ពី​ពេលវេលា​។ ឧទាហរណ៍​៖  បើ​គិត​ជា​ម៉ោង ក្នុង​មួយ​យាម​មាន​៣ ឬ​៤​ម៉ោង​។ កាលពី​សម័យបុរាណ​ច្រើនតែ​ហៅ  យាម តែ​ក្នុង​ពេលយប់ ដោយ​មួយ​យប់​មាន​៣​យាម គឺ យាម​ទី​១ ហៅថា បឋមយាម  ឬ​ប្រថម​យាម​,​យាម​ទី​២ ហៅថា មជ្ឈិមយាម ឬ​មធ្យ​មយាម និង​យាម​ទី​៣ ហៅថា  បច្ឆិមយាម ឬ​បស្ចិម​យាម​។ 
  «​យាម​»​នៅក្នុង​ន័យ​ទី​៣ មានន័យថា​ជា  ថង់​សំពត់​មាន​ដៃ​ឬ​យោគ​ស្ពាយ​បាន​។ ថង់យាម ជា​ថង់​ដែលមាន​ដៃ​។  នៅក្នុង​ន័យ​«​យាម​»​ទាំង​៣​ដែល​បានលើកឡើង​ខាងលើនេះ  គឺ​សុទ្ធតែ​ប្រើ​ជា​នាមសព្ទ​។ 
  ​សម្រាប់​«​យាម​»​ប្រើ​ជា​កិរិយាសព្ទ​វិញ មានន័យថា  ចាំ​រក្សា​ឬ​ក្រវែល​ឃ្លាំមើល​ដោយ​ការ​ប្រយ័ត្ន​ក្នុងពេល​មានកំណត់​។  ឧទាហរណ៍​៖ យាមឃ្លាំង​, យាមផ្លូវ​, យាមគុក​, យាមល្បាត ជាដើម​៕  

ធ្វើ​ឲ្យ​ខ្ចាត់ ជា​និយមន័យរ​បស់ពាក្យ «​កម្ចាត់​»​ជា​ព្យាង្គ​តម្រួត មិនមែន​«​កំចាត់​» ជា​ព្យាង្គ​រាយ​នោះទេ​!

 «​កម្ចាត់​»​ជា​ព្យាង្គ​តម្រួត  ទើប​ជា​ពាក្យ​ត្រឹមត្រូវ​នឹង​និយមន័យ​ថា ធ្វើ​ឲ្យ​ខ្ចាត់​។  ក្នុង​វចនានុក្រម​របស់​សម្តេច ជួន ណាត លោក​ក៏បាន​ឲ្យ​និយមន័យ ខ្ចាត់ ថា  ព្រាត់​ព្រាយ​,​បែកខ្ញែក ឬ​ឃ្លាត​ចេញ​។ ឧទាហរណ៍​៖  ខ្ញុំ​ខ្ចាត់​ចេញពី​ស្រុកកំណើត​អស់​រយៈពេល​៥​ហើយ  ដើម្បី​មករក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​។ 
 មាន​ពាក្យ​ជាច្រើន​ទៀត​ដែល​សម្តេច  ជួន ណាត សម្រេច​ឲ្យ​ប្រើ​ជា​ព្យាង្គ​តម្រួត​វិញ នោះ​មាន​ពាក្យ  កម្ទេច​,​ចម្លើយ​,​កម្ពស់​, កម្តៅ​,  កង្វល់​,​គម្រប​,​ចម្រុះ​,​ចម្លង​,​ចង្អើរ​,​ជម្នះ​,​តម្រង់​,​តម្រូវ​,​ទម្រង់​,​តង្វាយ​,​ទម្រ​,​តម្កើង​,​តម្លើង​,​កម្សាន្ត​។​ល​។  លើកលែងតែ​ពាក្យ សំរាម កំណើត ជំងឺ និង​ជំរុញ  ដែល​មិនអាច​សរសេរ​ជា​ព្យាង្គ​តម្រួត​បាន​៕  

«​ទំពាំង​»​មានន័យ​ខុសពី​«​ត្រពាំង​»

  បើតាម​វចនានុក្រម​ខ្មែរ   ពាក្យ​ថា «​ទំពាំង​» សំដៅលើ ពន្លក​ឫស្សី ឬ​បបុស​ជាដើម​។  ក្នុងការ​របប​អាហារ​រស់នៅ​ប្រចាំថ្ងៃ គេ​ច្រើន​ប្រើ​ទំពាំង សម្រាប់ ស្ល  ធ្វើជា​ម្ហូបអាហារ​។ ពេល​វា​ទើបតែ​ដុះ​ពន្លក​ថ្មី គេ​ហៅ​វា​ថា ទំពាំង  តែ​ពេល​វា​ដុះ​បាន​ខ្ពស់ គេ​ហៅ​វា​ថា ឫស្សី ដែលមាន​ថ្នាំង​។  គេ​តែង​ចំណាំ​យក​ឫស្សី​ធ្វើជា គ្រឿង​ឧបករណ៍ប្រើប្រាស់ ដូចជា ល្អី កញ្ជើ  ឧបករណ៍​នេសាទ ផ្ទះ និង​គ្រឿងសង្ហារិម​ជាដើម​។ 
  ​បើ​គេ​ប្រៀបធៀប មនុស្ស​ទៅនឹង​ទំពាំង​វិញ គឺ​មានន័យថា ជា​កូន  ឬ​កូនសិស្ស​ដែល​ទទួល​កិច្ចការ​ស្នង​ឪពុក ឬ​ស្នង​គ្រូ  ដូចជា​ទំពាំង​ដែល​ដុះ​ស្នង​ដើម​ឫស្សី​។ កុមារ​ជា​ទំពាំង​ស្នង​ឬ​ស្សី  ដែលជា​អ្នក​បន្តវេន​ដើម្បី​ថែរក្សា​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​។ 
  ​ចំណែក​ពាក្យ «​ត្រពាំង​» ជា​ថ្លុក​ធំ​ដែល​កើតចេញពី​មនុស្ស​ជីក  សម្រាប់​ឲ្យ​ដក់​ទឹក ឬ​កើតចេញ​ដោយ​កម្លាំង​ទឹក​ហូរ​ច្រោះ​។ ត្រពាំង  ជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ថនិកសត្វ រុក្ខជាតិ និង​មច្ឆជាតិ   គ្រប់​ប្រភេទ ដែល​រស់នៅ​ពឹងផ្អែក​លើទឹក​ក្នុង​ត្រពាំង​៕  

«​គំរូ​» មិនមែន «​គម្រូ​», «​សំរាម​» មិនមែន «​សម្រាម​», «​ជំរុញ​» មិនមែន «​ជម្រុញ​» ឡើយ

  វចនានុក្រម​ខ្មែរ​បានលើកឡើង​ពាក្យ​មួយចំនួនទៀត​ដែល​មិនអាច​សរសេរ​ជា​ព្យាង្គ​តម្រួត  នោះ​មាន​ពាក្យ សំរាម មិនត្រូវ​សរសេរ​ជា សម្រាម ឡើយ​,​ជំរុញ  មិនអាច​សរសេរ​ជា ជម្រុញ បានឡើយ​៕  

«​កេរ​ខ្មាស​» ឬ «​កេរ្តិ៍ឈ្មោះ​»

  មិនមែន​សរសេរ​«​កេរ្តិ៍ខ្មាស​»  ដូចនេះ​ទេ គឺ​ត្រូវ​សរសេរ​ជា​«​កេរ​ខ្មាស​» បែបនេះ វិញ​ទើប​ត្រឹមត្រូវ​​។  ចំណែក​ពាក្យ​«​កេរ្តិ៍ឈ្មោះ​»​សរសេរ​បែបនេះ​គឺ​ត្រឹមត្រូវ​ហើយ​។  នេះ​បើ​យោងតាម​សម្តេចព្រះសង្ឃរាជ ជួន ណាត  ដែល​បាន​បកស្រាយ​នៅក្នុង​វចនានុក្រម​ខ្មែរ​។  
   វចនា​នុ​ក្រម​សម្តេចព្រះសង្ឃរាជ  ជួន ណាត ពន្យល់ថា ពាក្យ «​កេរ​»​និង​«​កេរ្តិ៍​» គឺ​មានន័យ​ខុសគ្នា ។  «​កេរ​» សំដៅ​ដោយ​ដំណែល ឬ​ជា​មរតក​របស់​ដូនតា  ឬ​មាតាបិតា​ដែល​បាន​បន្សល់ទុក​ឲ្យ​។ ឧទាហរណ៍​ជាក់ស្តែង​៖  ស្រែ​នេះ​ជា​កេរ​របស់​ជីដូន​ខ្ញុំ​,​ប្រាសាទ​នគរវត្ត  ជា​កេរ​របស់​ព្រះមហាក្សត្រ ជា​បុព្វបុរស​របស់​ខ្មែរ​។​
  ​គេ​ច្រើន​ប្រើពាក្យ​«​កេរ​»​ជាមួយនឹង​ពាក្យ​ដទៃ បង្កើតបានជា​ពាក្យ  កេរកាល គឺ​មានន័យថា ឈ្មោះ​សាស្ត្រា​ច្បាប់​ចាស់​មួយ  មាន​ពាក្យ​ប្រដៅ​ជា​ដំបូន្មាន​ផ្សេងៗ​។ សាស្ត្រា​កេរកាល​។ ចំណែក  «​កេរ្តិ៍​» សំដៅលើ សេចក្តី​សរសើរ​,​ការ​ល្បី​លេចឮ​,​ខ្ចរខ្ចាយ​។  ពាក្យ​នេះ​ច្រើនតែ​ប្រើ​ជា កេរ្តិ៍ឈ្មោះ​។ 
  ​គួរ​ចងចាំ​ថា កាលណា​គេ​សំដៅលើ  ទ្រព្យសម្បត្តិ​មរតក​ដែលជា​របស់​ដូនតា​ជំនាន់​មុន​បន្សល់ទុក​ឲ្យ​នោះ  គឺ​គេ​ត្រូវ​នឹក​ដល់​ពាក្យ​«​កេរ​»​។  កាលណា​គេ​សំដៅលើ​បុគ្គល​ណា​ម្នាក់​មាន​ភាពល្បីល្បាញ  នោះគេ​ត្រូវ​នឹក​ដល់​ពាក្យ​«​កេរ្តិ៍​»​នេះ​៕  

«​ខ្លោងទ្វារ​» មិនមែន «​ក្លោងទ្វារ​»​ឡើយ

   បើ​គេ​គិតដល់  បង្គោល​មួយគូ​មាន​ធ្នឹម​ធ្វើ​ដោយ​ឥដ្ឋ ឬ​ដោយ​ឈើ​ភ្ជាប់​នឹង​កំពែង  ឬ​របង​មាន​ចន្លោះ​ជា​ផ្លូវ​សម្រាប់​ដើរចេញ​ចូល​បាន​នោះ​សំដៅលើ​«​ខ្លោងទ្វារ​»  ដែលមាន​រចនា​ក្បូរក្បាច់​ផ្សេងៗ​។ ខ្លោងទ្វារវត្ត ខ្លោងទ្វារផ្ទះ​។   
    ក្នុងន័យនេះ គេ​មិនអាច​សរសេរ​ជា​«​ក្លោងទ្វារ​»​បានឡើយ ព្រោះ​ពាក្យ​នេះ​មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ឡើយ៕ 

ទំព័រទី១ < ទំព័រទី២ > ទំព័រទី៣

ប្រភព ៖ គេហទំព័រ ថ្មីៗ

Read more from default Categories

Comments are closed.

Discover more from រៀន និងបង្រៀនភាសាខ្មែរ-LFRD

Subscribe now to keep reading and get access to the full archive.

Continue reading