Skip to content

Posts from the ‘8-សិក្សាពាក្យ (mots courants)’ Category

11
Jan

សិក្សាពាក្យ

ជំនួយការសិក្សា>បទានុក្រម>ពន្យល់ពាក្យ

ប្រភពឯកសារ ៖ គេហទំព័រ ថ្មីៗ

                    សម្រាប់ការចូលទៅកាន់ប្រភពឯកសារផ្ទាល់សូមចុច ៖ គេហទំព័រ ថ្មីៗ

ទំព័រទី១ > ទំព័រទី២

«​រាត្រីសមោសរ​» ​សរសេរ​បែបនេះ​ទើបត្រូវ មិនមែន​ «​រាត្រី​ស្រមោល​សរ​»

ក្នុង​វចនានុក្រម​ខ្មែរ​សម្តេច  ជួន ណាត បានបញ្ជាក់​យ៉ាងច្បាស់​លាស់​ហើយ​ថា  ពាក្យ​ដែល​ខ្មែរ​យើង​ពីមុន​និយម​សរសេរ​«​រាត្រី​ស្រមោល​សរ​»​នោះ​មិនមែនជា​ពាក្យ​ត្រឹមត្រូវ​ទាល់តែសោះ​។
ពាក្យ​ដែល​ត្រូវ​វិញ​នោះ​គឺ​«​រាត្រីសមោសរ​»​ឯនេះ​វិញ​ទេ​ដែល​ត្រឹមត្រូវ​។  គេ​និយម​ប្រើពាក្យ​«​រាត្រីសមោសរ​»​នេះ​ក្នុងន័យ​ថា  ទីប្រជុំ ភ្ជុំគ្នា ឬ​ជួបជុំគ្នា នៅពេល​រាត្រី​។ ក្នុង​រាត្រីសមោសរ  គេ​និយម​ពិសារ​អាហា​រដ្ឋា​ន​ជុំគ្នា និង​មានការ​រាំរែកជាដើម​៕  

«​សកល​»​និង​«​សាកល​»​

ប្រើ​មួយណា​ក៏​ត្រឹមត្រូវ​ដូចគ្នា​ដែរ ​គ្មាន​អ្វីដែល​ត្រូវ​ងឿងឆ្ងល់   ចំពោះ​ពាក្យ​«​សកល​»​និង​«​សាកល​» ថា​សរសេរ​មួយណា​ត្រូវ   ហើយ​សរសេរ​មួយណា​ខុស​នោះទេ​។ វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត   បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ ប្រើ​បាន​ដូចគ្នា ហើយ​មានន័យ​ដូចគ្នា​។​
«​សកល​»​ឬ​«​សាកល​»​ប្រើ​ជា​កិរិយាសព្ទ​វិសេសន៍  និង​ប្រើ​ជា​គុណសព្ទ  មានន័យថា ដែល​ទូទៅ​,​ទាំងអស់​,​ទាំងមូល  និង​ទាំងគ្រប់​។  សកលវិទ្យា​ល័យ​,    ល្បែង​សាកល​(​ល្បែង​ដែលមាន​បែប​ត្រូវ​គ្នា​ក្នុង​លោក​ទាំងមូល​),​សកលទិន​(​ថ្ងៃ​ទាំងមូល​,​ពេញ​មួយថ្ងៃ​),   សកលទ្វីប​(​ទ្វីប​ទាំងអស់​,​គ្រប់​ទ្វីប​),​សកលលោក   (​លោក​ទាំង​មួល​),​សកលវិជ្ជា ឬ​សកលវិទ្យា (​វិជ្ជា​សកល​)៕ 

«​ភ្ជាប់​»​និង​«​ខ្ជាប់​»

រវាង​ពាក្យ  «​ភ្ជាប់​»​និង «​ខ្ជាប់​»​ទាំងពីរ​នេះ មាន​អត្ថន័យ​ខុសគ្នា  និង​របៀប​ប្រើ​ក៏​ខុសគ្នា​ដែរ​។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត  បាន​ពន្យល់​ខ្លឹមសារ​នៃ​ពាក្យ​ទាំងពីរ​នេះ​ថា​៖ ពាក្យ «​ភ្ជាប់​» ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ជាប់​គ្នា  ឬ​បញ្ជាប់​គ្នា​។ ឧទាហរណ៍​៖ ខ្ញុំ​ចង​គោ​នឹង​ខ្សែ ភ្ជាប់​ទៅនឹង​ដើមឈើ​។   
សម្រាប់​ពាក្យ​«​ខ្ជាប់​»  ដើរតួ​ជា​គុណសព្ទ មានន័យថា ឋិតថេរ​, មាំមួន និង​ជាប់លាប់​។  ប្រើ​ជា​កិ​រិ​យ​សព្ទ​វិសេស​ក៏បាន​។ ឧទាហរណ៍​៖  ខ្លួន​ជា​ស្រី​ត្រូវតែ​គោរព​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​(​តាម​ប្រពៃណី​ខ្មែរ​ស្រី្ត​ទាំងឡាយ​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​ខ្មែរ​ជានិច្ច​។  ត្រង់ណា​ហៅ​ច្បាប់ កាន់ខ្ជាប់​កុំបី​បង់ ចំណេរ​ទៅ​លង់ ខ្លួន​បានជា​ធំ​៕ 

«​ទោស​ពៃ​» ឬ​«​ទោសពៃរ៍​» មួយណា​ត្រូវ​?

សរសេរ​ជា  «​ទោសពៃរ៍​» ទើប​ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​។ «​ទោសពៃរ៍​»​មានន័យថា  ទោស​ជា​ពៀរ​។​ឧទាហរណ៍​៖ ខ្ញុំ​អត់​ប្រកាន់​ទោសពៃរ៍​អ្វី​ទេ​។  បើ​ផ្អែក​តាម​វចនានុក្រម​ខ្មែរ ពាក្យ​ទោស សំដៅលើ ការ​ប្រទូស្ត​,​កំហឹង​,  សម្អប់​,​កំហុស​។ ចំណែក ពៃរ៍ សំដៅលើ ពៀរ​៕ 

«​ទន់​» មាន​សូរ​ដូចនឹង​ពាក្យ​«​ទុន​» តែមាន​ខ្លឹមសារ​ខុសគ្នា

 ថ្វី​ដ្បិត​រវាង​ពាក្យ​ទាំងពីរ​នេះ​មាន​សូរសៀង​ស្រដៀង​គ្នា​ក៏ពិតមែន  តែ​អត្ថន័យ​ខុសគ្នា​ដាច់ស្រឡះ​តែម្តង​។ វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន  ណាត បានបញ្ជាក់​ខ្លឹមសារ​ខុសគ្នា​រវាង​ពាក្យ​ទាំងពីរ​នេះ​។​ 
«​ទន់​»​សំដៅលើ បត់បែន​, ពត់​បាន ច្របាច់​ច្របល់​បាន​,​មិន​បាក់​មិន​បែក​។ «​ទន់​»​មានន័យ​ផ្ទុយ​ពី​ពាក្យ​«​រឹង​»​។ ​បើតាម​វចនានុក្រម​ខ្មែរ​ដដែល ពាក្យ​«​ទុន​»​វិញ  សំដៅលើ​ប្រាក់​ដើម​,​របស់​ដើម​,​ប្រាក់ ឬ​ជា​របស់​សម្រាប់​ចាយ  សម្រាប់​ប្រកប​កិច្ចការ ឲ្យ​ចម្រើន​ប្រយោជន៍​ឡើង​។ ដើមទុន​,​ខាត​ទុន  ជាដើម​។ នៅក្នុង​វចនានុក្រម​ខ្មែរ​មាន​ពាក្យ​ជាច្រើន​ទៀត  ដែលមាន​សូរសៀង​ដូចគ្នា តែ​ន័យ​ខុសគ្នា​។ នោះ​មាន​ជា​ពាក្យ គុណ​,​គន់  ឬ​គុន​, កោត​,​កោដិ​,​កោដ្ឋ​, កា​,​ការ​,​កាណ៍ និង​ការណ៍​, កំពុង​,​កំពង់  ជាដើម​។ ពាក្យ​ទាំងនេះ​គេ​កំណត់ថា  ជា​សន្ទានុក្រម​សទិសសូរ​(​ពាក្យ​ដែលមាន​សូរសព្ទ​ដូចគ្នា  តែ​អត្ថន័យ​ខុសគ្នា​)៕  

កុំ​សរសេរ​ច្រឡំ​! «​ទម្រង់​» និង «​តម្រង់​» មានន័យ​ខុសគ្នា

 «​ទម្រង់​»  ជា​នាមសព្ទ មានន័យថា សណ្ឋាន​,​ទ្រង់ទ្រាយ​។ ចំណែក «​តម្រង់​» ជា​កិរិយាសព្ទ  មានន័យថា ធ្វើ​ឲ្យ​ត្រង់​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​។
 «​ទម្រង់​» ជា​ពាក្យ​បង្ហាញ​ពីរ​បស់​ដែលមាន​សណ្ឋាន  ,​ទ្រង់ទ្រាយ​,​លំនាំ  ដូចជា​របស់​នេះ​មាន​ទម្រង់​សមរម្យ​,​ទម្រង់​វែង​ពុំ​សូវ​សម​។ «​ទម្រង់​»  ជា​រាជសព្ទ គ្រឿង​ទ្រង់​នៃ​ព្រះរាជា ដូចជា  ព្រះ​ទម្រង់​ខុ​រំ​(​កាំបិត​កោរ​),  ព្រះ​ទម្រង់គទាវុធ​(​ដំបង​),​ព្រះ​ទម្រង់មណីរត្ន​(​ចិញ្ចៀន​),​ព្រះ​ទម្រង់អគ្គី​(​កាំភ្លើង​),​ព្រះ​ទម្រង់អសិ​(​ដាវ​)​។​ល​។ ​ចំណែក «​តម្រង់​» ជាក​រិ​រិ​យាស​ព្ទ ធ្វើ​ឲ្យ​ត្រង់ ដាក់​សំដៅ​ឲ្យ​ចំ  ដែល​កាត់​យក​ត្រង់ ដែល​សំដៅ​ចំពោះ ដូចជា តម្រង់ផ្លូវ តម្រង់បង្គោល  ដើរ​តម្រង់ ជាដើម​៕ 

ពាក្យ​ដែលមាន​ព្យញ្ជនៈ «​ល​»​ខ្លះ​អាច​ប្រើ​ជា​ព្យញ្ជនៈ​«​រ​» ក៏បាន តើ​មាន​ពាក្យ​អ្វី​ខ្លះទៅ​?

 វចនានុក្រម​សម្តេច  ជួន ណាត បាន​បង្ហាញថា ពាក្យ​ដែល​ផ្តើម​ដោយ​ព្យញ្ជនៈ «​ល​»  ខ្លះ​អាច​សរសេរ​ជា​ព្យញ្ជនៈ​«​រ​»​ក៏បាន​។ បើទោះបី​សរសេ​បែបណា​ក្តី  ក៏​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​ដែរ​។ ​ពាក្យ​ដែល​អាច​ប្រើ​ជា​ព្យញ្ជនៈ​«​ល​» ក៏បាន ឬ​«​រ​»  ក៏បាន​នោះ​មានដូចជា លំហើយ​,​ល​ម្លើ​យ ឬ រំហើយ​,​រ​ម្លើ​យ​, លំហ​,​លម្ហ  ឬ​រំហ​,​រ​ម្ល​, លំហាច​,​ល​ម្លា​ច ឬ​រំហាច​,​ល​ម្លា​ច​,​លំហែ​,​ល​ម្លែ  ឬ​រំហែ​,​រ​ម្លែ​, លំហោក ឬ​រំហោក​, លំហុក ឬ​រំហុក ជាដើម​។​
 ​មហាជន​នៅតែ​បង្កើតជា​កំហុស​ក្នុងការ​ប្រើប្រាស់​ពាក្យ​ពេ​ច​ន៌​មួយចំនួនទៀត  ក្នុងនោះ​មាន​ពាក្យ ក្រលៅ​,  ច្រ​លំ​,​ច្រលឹង​,​ច្រលុង​,​ច្រលោ​,​ច្រលោត​,​ច្រលាស់​,​ត្រលាច​,​ត្រលក​,​ត្រលាយ​,​ស្រលាញ់​,​សំលេង​,​សំលី​,​សំលេះ​,​សំលែះ​,​ស្រលក់​,​ស្រ​លប់​,​ស្រ​លំ​,​ស្រលាំងកាំង​,​ស្រលិត​,​ស្រលើ​,​ស្រលាង​,​ស្រលៃ​។  ពាក្យ​ទាំងអស់នេះ ដាច់ខាត​មិនអាច​សរសេរ​អ៊ីចឹង​បាន​ឡើង គឺ​ត្រូវ​សរសេរ​ជា  ក្រឡៅ​,​ច្រឡំ​,​ច្រឡុង​,​ច្រឡោ​,​ច្រឡោត​,​ត្រឡាច​,​ត្រឡាយ​,​ស្រឡាញ់​,​សំឡេង​,​សំឡី​,​សំឡេះ​,​សំឡែះ​,​ស្រឡក់​,​ស្រឡប់​,​ស្រឡំ​,​ស្រឡាំងកាំង​,​ស្រឡិត​,​ស្រឡើ​,​ស្រឡាង​,​ស្រឡៃ  វិញ​ទើប​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​។   
 ​តាម​ក្បួន​ប្រើប្រាស់​ភាសា​ខ្មែរ  ពាក្យពេចន៍​មួយចំនួន​ដែលមាន​តួអក្សរ​«​ល​» មិន​ប្តូរ​ទៅ «​ឡ​»​នោះទេ  តែ​ត្រូវ​ប្តូរ​ជា​ព្យាង្គ​តម្រួត​វិញ រួមមាន សំលឹង ទៅជា​សម្លឹង​, សំលក់  ទៅជា​សម្លក់​, សំល ទៅជា​សម្ល​, សំលី ទៅជា​សម្លី​, សំឡាញ់ ទៅជា​សម្លាញ់​,  ចំលើយ ទៅជា​ចម្លើយ​, ចំលែក ទៅជា​ចម្លើយ​, ចំលាក់ ទៅជា​ចម្លាក់​, ចំលង  ទៅជា​ចម្លង​, សំលុត ទៅជា​សម្លុត​, សំលូត ទៅជា​សម្លូត​, សំលុយ ទៅជា​សម្លុយ​,  សំលេច ទៅជា​សម្លេច​។​ល​។   
 ​នៅក្នុង​វចនានុក្រម​ខ្មែរ​បានលើកឡើង​នូវ​ពាក្យ​មួយចំនួនទៀត  ដែល​បាន​ផ្លាស់ប្តូរ នោះ​មាន​ពាក្យ​ដែលមាន​តួអក្សរ​«​ថ​»  ទៅជា​អក្សរ​«​ឋ​»​វិញ ដែលមាន​ពាក្យ ថា​នៈ ទៅជា​ឋានៈ​, ថា​នន្តរ ទៅជា  ឋានន្តរ​, ថា​ន ទៅជា​ឋាន​, ថា​នា​នុ​ក្រម ទៅជា​ឋានានុក្រម​,​ថា​នប​ទ្ម  ទៅជា​ឋានបទ្ម​, ថានប្បភេទ ទៅជា​ឋានប្បភេទ​, ថា​នា​រូប ទៅជា ឋា​នា​នរូ​ប  ជាដើម​។ 
 ​សម្រាប់​ពាក្យ​មួយចំនួន​ផ្សេងទៀត  ដែល​ឧស្សាហ៍​ឃើញ​មាន​មហាជន​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅក្នុង​សំណេរ​ផ្សេងៗ​នោះ  មាន​ជា​ពាក្យ ចំនី​,​ចំលើយ​,​ចំនុច​,​ចំនូល​,​ចំនុះ​,​ចំនិត  ត្រូវ​សរសេរ​ជា ចំណី​,​ចម្លើយ​,​ចំណុច​,​ចំណុះ​,​ចំណិត  វិញ​ទើប​ត្រឹមត្រូវ​៕  

ណូអែល តាម​បារាំង រីឯ​ គ្រី​ស​ស្មាស់ តាម​អង់គ្លេស

 សម្រាប់​អ្នក​ដែល​និយម​ប្រារព្ធ​ពិធីបុណ្យ​សាសនា​គ្រិស្ត  ដែល​ភាគច្រើន​ហៅថា បុណ្យ​ណូអែល​(Noel) ឬ​បុណ្យ​គ្រី​ស​ស្មាស់​(Christmas)  ឬ​អ្នក​ដែល​កាន់សាសនា​គ្រឹ​ស្ត  ប្រាកដជា​ស្គាល់​ច្បាស់​ពី​ពិធីបុណ្យ​សាសនា​គ្រិស្ត​នេះ​។  ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​គោរព​សាសនាព្រះពុទ្ធ  ក៏​និយម​ប្រារព្ធ​ពិធី​នេះដែរ  តែបើ​ឲ្យ​រៀបរាប់​ពី​ប្រវត្តិ​នៃ​ពិធីបុណ្យ​នេះ​វិញ  ប្រហែលជា​មិនទាន់មាន​អ្នកណា​យល់ច្បាស់​នៅឡើយ​។                                                                           
 ​អ្នក​ដែល​ចេះ​និយាយ​ភាសា​បារាំង ប្រាកដជា​ស្គាល់​ពាក្យ​ថា  ណូអែល​«Noel» ចំណែក​អ្នក​ដែល​ចេះ​ប្រើ​ភាសា​អង់គ្លេស  ក៏​ប្រាកដជា​ស្គាល់​ពាក្យ​ថា «Christmas»  តើ​ពាក្យ​ទាំងអស់នោះ  មាន​អត្ថន័យ​ពិតប្រាកដ​ដូចម្តេច​?
 «Noël» ជា​ភាសា​ដើម​របស់​បារាំង ដែល​ពលរដ្ឋ​បារាំង​គ្រប់គ្នា  តែង​ច្រៀង​បទ​«Le Premier Noël» ដែល​មានន័យថា រីករាយ​ថ្ងៃបុណ្យ​ណូអែល​។  ក្រៅពី​ច្រៀង​ចម្រៀង​ណូអែល ពួកគេ​រៀបចំផ្ទះ​សម្តែង  តុបតែង​ដើមឈើ​អម​ជាមួយ​អំណោយ​ផ្សេងៗ​ផងដែរ​។​
  «Christmas» ជា​ពាក្យ​ដើម​មកពី​ភាសា​អង់គ្លេស​បុរាណ​ថា Christes  Maesse ឬ Christ’s Mass ដែល​មានន័យថា  ពិធី​អបអរសាទរ​ជួបជុំគ្នា​រវាង​អ្នក​គោរព​សាសនា​គ្រិស្ត​។  ប្រជាពលរដ្ឋ​អាមេរិក និង​អង់គ្លេស ចាត់ទុក​បុណ្យ​«Christmas» នេះ  ជា​ថ្ងៃ​ដែល​លោកតា Santa Claus ផ្តល់​ជា​អំណោយ  និង​ជា​ថ្ងៃ​ដែល​គេ​ជួបជុំ​ឲ្យ​កាដូ​គ្នា​ទៅវិញទៅមក ច្រៀង​លេង​កម្សាន្ត  ជួន​ពរ​គ្នា​ទៅវិញទៅមក ឬ​ការ​បួងសួង​ជាដើម​។  ពួកគេ​ជឿជាក់ថា​ការ​បួងសួង​របស់​ពួកគេ​នឹង​បាន​ទៅដល់​លោកតា Santa Claus  នៅពេល​គេ​បោះ​សំបុត្រ​ចូលក្នុង​ភ្នក់ភ្លើង​។​
 ​អង់គ្លេស ក៏​គេ​មានជំនឿថា  នៅពេល​គេ​យក​ស្រោមជើង​ទៅ​ព្យូ​រ​នៅ​ដើមឈើ​នៅក្រោម​បំពុង​បង្ហុយផ្សែង  ដើម្បី​ទទួលបាន​ប្រាក់​មាស​ពី​លោកតា Santa Claus​។  ចំណែក​ការ​ព្យូ​រ​ស្លឹក​ដើមឈើ នៅ​ជុំវិញ​ដើមឈើ  គេ​រំលឹក​ដល់​រដូវ​ធ្លាក់​ទឹកកក  និង​រំលឹក​ដល់​ថ្ងៃ​ផ្កា​រីក​ដែល​ជិត​មកដល់​ឆាប់ៗ​របស់​ប្រទេស​អង់គ្លេស​។ 
 ​ជារួម ពាក្យ​ថា «Noël» ឬ​«Christmas»​ឬ​ម្យ៉ាងទៀត​«X’  mas»​ត្រូវបាន​គេ​កំណត់ថា​ជា​ថ្ងៃ​ដែល​រំលឹក​ដល់​ព្រះ​យេស៊ូ​ដែល​បានប្រសូត​នៅ​ភពផែនដី​នៅ​ថ្ងៃទី​២៥  ខែធ្នូ​។ ប៉ុន្តែ​ពួកគេ​ភាគច្រើន​មិន​ហៅថា  បុណ្យ​ព្រះ​យេស៊ូ​ប្រសូត​នោះទេ​។ សម្រាប់​ពលរដ្ឋ​ខ្មែរ​ហៅថា​បុណ្យ​ណូអែល  «Noël» ហើយ​មួយរយៈ​ចុងក្រោយ​នេះ ហៅថា​បុណ្យ​គ្រី​ស្មាស់ «Christmas»​។ 
 ​បច្ចុប្បន្ន​មិនមែន​មានតែ​ប្រជាជន​ដែល​កាន់សាសនា​គ្រិស្ត​ប្រារព្ធ​ពិធី​នេះ​ទេ  សូម្បីតែ​ប្រទេស​ដែល​មិន​គោរព​សាសនា​គ្រិស្ត  ក៏​គេ​ចូលរួម​ប្រារព្ធ​ពិធី​នេះ​ផងដែរ​។ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ  ក៏​ប្រារព្ធ​ពិធី​នេះ​យ៉ាង​ផុសផុល​ផងដែរ  ដោយ​ពួកគេ​តែង​រៀបចំ​កាដូ​ជូន​គ្នា​ទៅវិញទៅមក  ឬ​ការចែក​ស្ករ​គ្រាប់​គ្នា​ទៅវិញទៅមក​ផងដែរ​។ ចំណែកឯ​នៅតាម​ស្ថាប័ន  ក្រុមហ៊ុន សាលារៀន ឬ​ផ្ទះ​សម្តែង​នានា ក៏មាន​ការតាក់តែង​ដាក់​បង្ហាញ​ដើម  «Christmas» មាន​ភ្លើង​ភ្លឺ​ផ្លេក និង​ប្រអប់​កាដូ​យ៉ាង​ស្រស់ស្អាត​ផងដែរ​៕ 

«​អំណោយ​»​តែ​ក្នុង​ភាសា​និយាយ​គេ​ច្រើន​ប្រើពាក្យ​«​កាដូ​»

 មាន​ពលរដ្ឋ​ខ្មែរ​ច្រើនណាស់​ដែល​ចាត់ទុក​ពាក្យ​«​កាដូ​»​នេះ​ជា​ពាក្យ​ខ្មែរ​។  តាម​ការពិត​ខ្មែរ​មាន​ពាក្យ​របស់ខ្លួន​ហើយ​គឺ​ពាក្យ​«​អំណោយ​»​។  ប៉ុន្តែ​ពាក្យ​«​អំណោយ​»​ច្រើន​ឃើញ​មាន​គេ​ប្រើ​នៅក្នុង​សំណេរ​តែប៉ុណ្ណោះ  ហើយ​ក្នុង​ភាសា​និយាយ​ប្រចាំថ្ងៃ  ពលរដ្ឋ​និយម​និយាយ​ពាក្យ​«​កាដូ​»​នេះ​វិញ​។​
 «​អំណោយ​» និង​«​កាដូ​» មានន័យ​ដូចគ្នា គ្រាន់តែ​ពាក្យ​«​កាដូ​»  ត្រូវបាន​មហាជន​ចូលចិត្ត​និយាយ​ក្នុងពេល​មានកម្ម​វិធី​អ្វីមួយ ដូចជា  កម្ម​ពិធី​ខួបកំណើត​,​ពិធីបង្កក់កូន​,​ពិធីបុណ្យ​ណូអែល​ជាដើម​។  ពាក្យ​«​កាដូ​» ក្លាយ​មកពី​ភាសា​បារាំង​ថា Cadeau៕ 

​«​ទេសចរ​» និង​«​ទេសចរណ៍​»​ខុសគ្នា​ដូចម្តេច​?

 ការប្រើប្រាស់​នូវ​ពាក្យ  «​ទេសចរ​» និង ពាក្យ «​ទេសចរណ៍​» មិន​ដូចគ្នា​ទេ​។ ពាក្យ «​ទេសចរ​»  ត្រូវបាន​ប្រើប្រាស់ ដោយ​សំដៅ​ទៅលើ​មនុស្ស​។ រីឯ ពាក្យ «​ទេសចរណ៍​» វិញ  គឺ​សំដៅ​ទៅលើ​សកម្មភាព​នៃ​ការដើរ​កម្សាន្ត នៅ​កន្លែង​ណាមួយ​។
 ​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បាន​បញ្ជាក់ថា «​ទេសចរ​»  គឺជា​ជន​អ្នកធ្វើដំណើរ​លំហែ​កម្សាន្ត​។ ឧទាហរណ៍​ថា​៖«​ជា​រៀងរាល់ឆ្នាំ  ទេសចរ​បរទេស​រាប់​លាន​នាក់ បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​។  អ្វីដែល​គួរ​ឲ្យ​ទាក់ទាញ​និង​ចាប់អារម្មណ៍​ជាងគេ  សម្រាប់​ពួក​ទេសចរ​បរទេស​ទាំងនោះ គឺ​ប្រាសាទបុរាណ​របស់​ខ្មែរ  ជាពិសេស​ប្រាសាទ​អង្គ​វត្ត​»​។​
 ​ចំណែកឯ «​ទេសចរណ៍​»  គឺជា​ការធ្វើដំណើរ​កម្សាន្ត​លំហែចិត្ត​នៃ​ជនបរទេស​។  នេះ​ជាការ​ពន្យល់​នៅក្នុង​វចនានុក្រម សម្តេច ជួន ណាត ដដែល​។  ឧទាហរណ៍​ថា​៖«​វិស័យ​ទេសចរណ៍ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ  ដែល​អាច​ពង្រឹង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​»​។  គេ​ប្រើពាក្យ​«​ទេសចរណ៍​»​សំដៅលើ​ទីកន្លែង​ផងដែរ ជា​ឈ្មោះ​ក្រសួងទេសចរណ៍  ដែល​ទទួលបន្ទុក​ផ្នែក​សក្តា​នុ​ពុល​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​។  

«​អ៊ីនធឺណិត​»,«​អ៊ី​ន​ត្រា​ណិ​ត​»​និង​«​អិ​ច​ត្រា​ណិ​ត​»

 រវាង​ពាក្យ​ទាំងនេះ  សាធារណជន​នៅមាន​ភាពស្រពេចស្រពិល​ក្នុងការ​ប្រើប្រាស់​។  ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​បញ្ជាក់ថា ពាក្យ «Internet»  សរសេរ​ជា​ភាសា​ខ្មែរ «​អ៊ីនធឺណិត​»  មានន័យថា (​បណ្តាញ​សកល​)   គឺ​បណ្តាញ​កុំព្យូទ័រ​ពិភពលោក ដែល​អាច​ឲ្យ​មនុស្ស​ចែករំលែក​ព័ត៌មាន  និង​ទាក់ទង​គ្នា​ទៅវិញទៅមក​។​
 ​បណ្តាញ​របស់​ស្ថាប័ន​ណាមួយ ដែល​ប្រើ​បច្ចេកវិទ្យា​អ៊ីនធឺណិត  សម្រាប់​បញ្ជូន​ទិន្នន័យ នោះ​ហៅថា «Intranet» ជា​ភាសា​ខ្មែរ  «​អ៊ី​ន​ត្រា​ណិ​ត​»​។ ចំណែក ពាក្យ «Extranet»  ជា​ភាសា​ខ្មែរ​«​អិ​ច​ត្រា​ណិ​ត​» ជា​បណ្តាញ​របស់​ស្ថាប័ន​មួយ  ដែល​ផ្តល់​សិទ្ធិ​ឱ្យ​អតិថិជន​ទាំង​ក្នុង ឬ​ក្រៅប្រទេស  អាច​ប្រើ​អ៊ី​ន​ត្រា​ណិ​ត​បាន​។ នេះ​បើ​យោងតាម​ការបកស្រាយ​ជា​ផ្លូវការ  របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដែល​បាន​សម្របសម្រួល​ភាសាបរទេស  ប្រែជា​ភាសា​ខ្មែរ​៕ 

«​ផ្លែ​ចម្ប៉ា​ដក់​»​ដែល​ផ្ទុយ​ពី​ភាសាផ្លូវការ​«​ផ្លែ​ចម្ប៉ាដាក់​»

 ផ្លែឈើ​ម្យ៉ាង​ដែលមាន​សណ្ឋាន​ដូច​ផ្លែ​ខ្នុរ  ដែល​គេ​ចំណាំ​ហៅថា​ផ្លែ​«​ចម្ប៉ា​ដក់​»  នោះ​មិនមែនជា​ពាក្យ​ត្រឹមត្រូវ​នោះទេ​។ ពាក្យ​ដែល​ត្រូវ​ហៅ​នោះ​គឺ  «​ចម្ប៉ាដាក់​»​។ បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត  «​ចម្ប៉ាដាក់​» ជា​ផ្លែឈើ​ដែលមាន​រាង​ដូច​ផ្លែ​ខ្នុរ មាន​ផ្លែ​តូចៗ  និង​មាន​ក្លិនក្រអូប និង​ផ្អែម​ល្ងាន់​ជាង​ខ្នុរ​បន្តិច​។
 ​មាន​ពាក្យ​ជាច្រើន​ទៀត​ដែល​ពលរដ្ឋ​និយាយ​ខុសពី​ការសរសេរ  ពាក្យ​ទាំងនោះ​មានដូចជា ផ្លែ​រកាំ  មិនមែន​ផ្លែ​អង្កាំ​នោះទេ​,​ផ្លែ​បំពេញរាជ្យ មិនមែន​ផ្លែ​កំពីង​រាជ្យ​ទេ​,  នំ​គួ​ឆាយ មិនមែន​នំ​កា​ឆាយ​ទេ​, ផ្លែ​ប៉ិកួៈ មិនមែន​ផ្លែ​ប៉ិក​គូក​នោះទេ​,  ផ្លែ​ខ្នុរ មិនមែន​ផ្លែ​ខ្នោ​, ផ្លែ​ក្រសាំង មិនមែន​ផ្លែ​កា​សាំង​ទេ​,  ផ្លែ​សាវម៉ាវ មិនមែន​ផ្លែ​សៅ​ម៉ា​វ​ទេ ,​ផ្លែ​ក្រខុប  ក៏​មិនមែន​ផ្លែ​ម​ខុប​ដែរ​៕ 

កាតព្វកិច្ច និង ភារកិច្ច

 ករណីយកិច្ច  និង កាតព្វកិច្ច មានន័យ​ដូចគ្នា​ថា ជា​កិច្ច​ការដែល​គួរតែ​ធ្វើ  ឬ​ការងារ​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវតែ​ធ្វើ​។ ប៉ុន្តែ កាតព្វកិច្ច   មានន័យ​សង្កត់ធ្ងន់​ខ្លាំង​ជាង​ករណីយកិច្ច​។ ចំណែក ភារកិច្ច មានន័យថា  កិច្ច​ជា​ភារៈ កិច្ច​ជា​ទម្ងន់ កិច្ច​ជា​បន្ទុក ឬ កិច្ចការ​ធ្ងន់​។​
 ​ករណីយកិច្ច និង កាតព្វកិច្ច គឺ​សំដៅលើ​កិច្ចការ  ដែល​ត្រូវតែ​ធ្វើជា​ចាំបាច់ ដោយ​មិនអាច​រំលង​បានឡើយ​។ ឧទាហរណ៍​៖  កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ត្រូវតែ​បង់ពន្ធ​ជូន​រដ្ឋ​កុំបី​ខាន​។  រីឯ​ពាក្យ​ភារកិច្ច ជា​កិច្ចការ ដែល​ចាំ​ចាច់​ធ្វើ​ក៏បាន  ឬ​មិន​ធ្វើ​ក៏បាន​។ ឧទាហរណ៍​៖ ហាម​ចូល បើ​គ្មាន​ភារកិច្ច​៕ 

«​ប្រសប់​» និង​«​ប្រសព្វ​»

 «​ប្រសប់​»  និង​«​ប្រសព្វ​» ទំនង​ជាមាន​មនុស្ស​មួយចំនួន​ច្រឡំ​ន័យ​គ្នា​។ បើទោះបី  ពាក្យ​ទាំងពីរ​នេះ​មាន​សូរសព្ទ​ដូចគ្នា​ក៏ពិតមែន  ប៉ុន្តែ​ពាក្យ​ទាំងពីរ​នេះ​មិន​មានន័យ​ដូចគ្នា​ឡើយ​។ 
  «​ប្រសប់​» មានន័យថា ថ្នឹក​,​ប៉ិន​,​ប៉ិន​ខាង​ស្ទង់​,​លៃ​,​គ្នេរ​។  ពាក្យ​នេះ​សម្រាប់​ប្រើ​សំដៅលើ​មនុស្ស​។ ឧទាហរណ៍​៖ ចេះ​ដប់​មិន​ប្រសប់​មួយ  មានន័យថា អ្នកចេះ​គ្រប់យ៉ាង មិន​ប្រសប់​មួយ​។  ម្នាក់​នោះ​ពិតជា​ប្រសប់​ធ្វើ​ណាស់​។ 
  ​ពាក្យ «​ប្រសព្វ​» ប្រើ​ជា​កិរិយាសព្ទ មានន័យថា  រួមគំនិត​គ្នា​,​រួមសុខទុក្ខ​នឹង​គ្នា​, មានមុខ​ប្រទល់​រួម​ចូលគ្នា​។  ឧទាហរណ៍​៖​ប្តី​ប្រពន្ធ​នោះ មាន​អធ្យាស្រ័យ​ល្អ​ណាស់  តាំងពី​ប្រសព្វ​គ្នា​មក មិនដែល​ឈ្លោះទាស់ទែង​ខ្វែងគំនិត​គ្នា​ម្តង​សោះឡើយ​។  «​ប្រសព្វ​»​ប្រើ​ជា​កិរិយាសព្ទ​វិសេសន៍ និង​ជា​គុណសព្ទ គឺ​មានន័យថា  ដែល​មានមុខ​ប្រទល់​រួមគ្នា​។ ទន្លេ​ប្រសព្វ​មុខ ,​ទឹក​ប្រសព្វ​គ្នា​៕ 

ទំព័រទី១ > ទំព័រទី២

ប្រភព ៖ គេហទំព័រ ថ្មីៗ

%d bloggers like this: