សិក្សាពាក្យ
ជំនួយការសិក្សា>បទានុក្រម>ពន្យល់ពាក្យ
ប្រភពឯកសារ ៖ គេហទំព័រ ថ្មីៗ
សម្រាប់ការចូលទៅកាន់ប្រភពឯកសារផ្ទាល់សូមចុច ៖ គេហទំព័រ ថ្មីៗ
ទំព័រទី១ > ទំព័រទី២
«រាត្រីសមោសរ» សរសេរបែបនេះទើបត្រូវ មិនមែន «រាត្រីស្រមោលសរ»
ក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់យ៉ាងច្បាស់លាស់ហើយថា ពាក្យដែលខ្មែរយើងពីមុននិយមសរសេរ«រាត្រីស្រមោលសរ»នោះមិនមែនជាពាក្យត្រឹមត្រូវទាល់តែសោះ។ ពាក្យដែលត្រូវវិញនោះគឺ«រាត្រីសមោសរ»ឯនេះវិញទេដែលត្រឹមត្រូវ។ គេនិយមប្រើពាក្យ«រាត្រីសមោសរ»នេះក្នុងន័យថា ទីប្រជុំ ភ្ជុំគ្នា ឬជួបជុំគ្នា នៅពេលរាត្រី។ ក្នុងរាត្រីសមោសរ គេនិយមពិសារអាហារដ្ឋានជុំគ្នា និងមានការរាំរែកជាដើម៕
«សកល»និង«សាកល»
ប្រើមួយណាក៏ត្រឹមត្រូវដូចគ្នាដែរ គ្មានអ្វីដែលត្រូវងឿងឆ្ងល់ ចំពោះពាក្យ«សកល»និង«សាកល» ថាសរសេរមួយណាត្រូវ ហើយសរសេរមួយណាខុសនោះទេ។ វចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះ ប្រើបានដូចគ្នា ហើយមានន័យដូចគ្នា។ «សកល»ឬ«សាកល»ប្រើជាកិរិយាសព្ទវិសេសន៍ និងប្រើជាគុណសព្ទ មានន័យថា ដែលទូទៅ,ទាំងអស់,ទាំងមូល និងទាំងគ្រប់។ សកលវិទ្យាល័យ, ល្បែងសាកល(ល្បែងដែលមានបែបត្រូវគ្នាក្នុងលោកទាំងមូល),សកលទិន(ថ្ងៃទាំងមូល,ពេញមួយថ្ងៃ), សកលទ្វីប(ទ្វីបទាំងអស់,គ្រប់ទ្វីប),សកលលោក (លោកទាំងមួល),សកលវិជ្ជា ឬសកលវិទ្យា (វិជ្ជាសកល)៕
«ភ្ជាប់»និង«ខ្ជាប់»
រវាងពាក្យ «ភ្ជាប់»និង «ខ្ជាប់»ទាំងពីរនេះ មានអត្ថន័យខុសគ្នា និងរបៀបប្រើក៏ខុសគ្នាដែរ។ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ខ្លឹមសារនៃពាក្យទាំងពីរនេះថា៖ ពាក្យ «ភ្ជាប់» ជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យជាប់គ្នា ឬបញ្ជាប់គ្នា។ ឧទាហរណ៍៖ ខ្ញុំចងគោនឹងខ្សែ ភ្ជាប់ទៅនឹងដើមឈើ។ សម្រាប់ពាក្យ«ខ្ជាប់» ដើរតួជាគុណសព្ទ មានន័យថា ឋិតថេរ, មាំមួន និងជាប់លាប់។ ប្រើជាកិរិយសព្ទវិសេសក៏បាន។ ឧទាហរណ៍៖ ខ្លួនជាស្រីត្រូវតែគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរឲ្យបានខ្ជាប់ខ្ជួន(តាមប្រពៃណីខ្មែរស្រី្តទាំងឡាយត្រូវតែប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ខ្មែរជានិច្ច។ ត្រង់ណាហៅច្បាប់ កាន់ខ្ជាប់កុំបីបង់ ចំណេរទៅលង់ ខ្លួនបានជាធំ៕
«ទោសពៃ» ឬ«ទោសពៃរ៍» មួយណាត្រូវ?
សរសេរជា «ទោសពៃរ៍» ទើបត្រឹមត្រូវទៅតាមវចនានុក្រមខ្មែរ។ «ទោសពៃរ៍»មានន័យថា ទោសជាពៀរ។ឧទាហរណ៍៖ ខ្ញុំអត់ប្រកាន់ទោសពៃរ៍អ្វីទេ។ បើផ្អែកតាមវចនានុក្រមខ្មែរ ពាក្យទោស សំដៅលើ ការប្រទូស្ត,កំហឹង, សម្អប់,កំហុស។ ចំណែក ពៃរ៍ សំដៅលើ ពៀរ៕
«ទន់» មានសូរដូចនឹងពាក្យ«ទុន» តែមានខ្លឹមសារខុសគ្នា
ថ្វីដ្បិតរវាងពាក្យទាំងពីរនេះមានសូរសៀងស្រដៀងគ្នាក៏ពិតមែន តែអត្ថន័យខុសគ្នាដាច់ស្រឡះតែម្តង។ វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ខ្លឹមសារខុសគ្នារវាងពាក្យទាំងពីរនេះ។ «ទន់»សំដៅលើ បត់បែន, ពត់បាន ច្របាច់ច្របល់បាន,មិនបាក់មិនបែក។ «ទន់»មានន័យផ្ទុយពីពាក្យ«រឹង»។ បើតាមវចនានុក្រមខ្មែរដដែល ពាក្យ«ទុន»វិញ សំដៅលើប្រាក់ដើម,របស់ដើម,ប្រាក់ ឬជារបស់សម្រាប់ចាយ សម្រាប់ប្រកបកិច្ចការ ឲ្យចម្រើនប្រយោជន៍ឡើង។ ដើមទុន,ខាតទុន ជាដើម។ នៅក្នុងវចនានុក្រមខ្មែរមានពាក្យជាច្រើនទៀត ដែលមានសូរសៀងដូចគ្នា តែន័យខុសគ្នា។ នោះមានជាពាក្យ គុណ,គន់ ឬគុន, កោត,កោដិ,កោដ្ឋ, កា,ការ,កាណ៍ និងការណ៍, កំពុង,កំពង់ ជាដើម។ ពាក្យទាំងនេះគេកំណត់ថា ជាសន្ទានុក្រមសទិសសូរ(ពាក្យដែលមានសូរសព្ទដូចគ្នា តែអត្ថន័យខុសគ្នា)៕
កុំសរសេរច្រឡំ! «ទម្រង់» និង «តម្រង់» មានន័យខុសគ្នា
«ទម្រង់» ជានាមសព្ទ មានន័យថា សណ្ឋាន,ទ្រង់ទ្រាយ។ ចំណែក «តម្រង់» ជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យត្រង់។ នេះបើតាមវចនានុក្រមខ្មែរ។ «ទម្រង់» ជាពាក្យបង្ហាញពីរបស់ដែលមានសណ្ឋាន ,ទ្រង់ទ្រាយ,លំនាំ ដូចជារបស់នេះមានទម្រង់សមរម្យ,ទម្រង់វែងពុំសូវសម។ «ទម្រង់» ជារាជសព្ទ គ្រឿងទ្រង់នៃព្រះរាជា ដូចជា ព្រះទម្រង់ខុរំ(កាំបិតកោរ), ព្រះទម្រង់គទាវុធ(ដំបង),ព្រះទម្រង់មណីរត្ន(ចិញ្ចៀន),ព្រះទម្រង់អគ្គី(កាំភ្លើង),ព្រះទម្រង់អសិ(ដាវ)។ល។ ចំណែក «តម្រង់» ជាករិរិយាសព្ទ ធ្វើឲ្យត្រង់ ដាក់សំដៅឲ្យចំ ដែលកាត់យកត្រង់ ដែលសំដៅចំពោះ ដូចជា តម្រង់ផ្លូវ តម្រង់បង្គោល ដើរតម្រង់ ជាដើម៕
ពាក្យដែលមានព្យញ្ជនៈ «ល»ខ្លះអាចប្រើជាព្យញ្ជនៈ«រ» ក៏បាន តើមានពាក្យអ្វីខ្លះទៅ?
វចនានុក្រមសម្តេច ជួន ណាត បានបង្ហាញថា ពាក្យដែលផ្តើមដោយព្យញ្ជនៈ «ល» ខ្លះអាចសរសេរជាព្យញ្ជនៈ«រ»ក៏បាន។ បើទោះបីសរសេបែបណាក្តី ក៏សុទ្ធតែត្រឹមត្រូវដូចគ្នាដែរ។ ពាក្យដែលអាចប្រើជាព្យញ្ជនៈ«ល» ក៏បាន ឬ«រ» ក៏បាននោះមានដូចជា លំហើយ,លម្លើយ ឬ រំហើយ,រម្លើយ, លំហ,លម្ហ ឬរំហ,រម្ល, លំហាច,លម្លាច ឬរំហាច,លម្លាច,លំហែ,លម្លែ ឬរំហែ,រម្លែ, លំហោក ឬរំហោក, លំហុក ឬរំហុក ជាដើម។ មហាជននៅតែបង្កើតជាកំហុសក្នុងការប្រើប្រាស់ពាក្យពេចន៌មួយចំនួនទៀត ក្នុងនោះមានពាក្យ ក្រលៅ, ច្រលំ,ច្រលឹង,ច្រលុង,ច្រលោ,ច្រលោត,ច្រលាស់,ត្រលាច,ត្រលក,ត្រលាយ,ស្រលាញ់,សំលេង,សំលី,សំលេះ,សំលែះ,ស្រលក់,ស្រលប់,ស្រលំ,ស្រលាំងកាំង,ស្រលិត,ស្រលើ,ស្រលាង,ស្រលៃ។ ពាក្យទាំងអស់នេះ ដាច់ខាតមិនអាចសរសេរអ៊ីចឹងបានឡើង គឺត្រូវសរសេរជា ក្រឡៅ,ច្រឡំ,ច្រឡុង,ច្រឡោ,ច្រឡោត,ត្រឡាច,ត្រឡាយ,ស្រឡាញ់,សំឡេង,សំឡី,សំឡេះ,សំឡែះ,ស្រឡក់,ស្រឡប់,ស្រឡំ,ស្រឡាំងកាំង,ស្រឡិត,ស្រឡើ,ស្រឡាង,ស្រឡៃ វិញទើបត្រឹមត្រូវតាមវចនានុក្រមខ្មែរ។ តាមក្បួនប្រើប្រាស់ភាសាខ្មែរ ពាក្យពេចន៍មួយចំនួនដែលមានតួអក្សរ«ល» មិនប្តូរទៅ «ឡ»នោះទេ តែត្រូវប្តូរជាព្យាង្គតម្រួតវិញ រួមមាន សំលឹង ទៅជាសម្លឹង, សំលក់ ទៅជាសម្លក់, សំល ទៅជាសម្ល, សំលី ទៅជាសម្លី, សំឡាញ់ ទៅជាសម្លាញ់, ចំលើយ ទៅជាចម្លើយ, ចំលែក ទៅជាចម្លើយ, ចំលាក់ ទៅជាចម្លាក់, ចំលង ទៅជាចម្លង, សំលុត ទៅជាសម្លុត, សំលូត ទៅជាសម្លូត, សំលុយ ទៅជាសម្លុយ, សំលេច ទៅជាសម្លេច។ល។ នៅក្នុងវចនានុក្រមខ្មែរបានលើកឡើងនូវពាក្យមួយចំនួនទៀត ដែលបានផ្លាស់ប្តូរ នោះមានពាក្យដែលមានតួអក្សរ«ថ» ទៅជាអក្សរ«ឋ»វិញ ដែលមានពាក្យ ថានៈ ទៅជាឋានៈ, ថានន្តរ ទៅជា ឋានន្តរ, ថាន ទៅជាឋាន, ថានានុក្រម ទៅជាឋានានុក្រម,ថានបទ្ម ទៅជាឋានបទ្ម, ថានប្បភេទ ទៅជាឋានប្បភេទ, ថានារូប ទៅជា ឋានានរូប ជាដើម។ សម្រាប់ពាក្យមួយចំនួនផ្សេងទៀត ដែលឧស្សាហ៍ឃើញមានមហាជនប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងសំណេរផ្សេងៗនោះ មានជាពាក្យ ចំនី,ចំលើយ,ចំនុច,ចំនូល,ចំនុះ,ចំនិត ត្រូវសរសេរជា ចំណី,ចម្លើយ,ចំណុច,ចំណុះ,ចំណិត វិញទើបត្រឹមត្រូវ៕
ណូអែល តាមបារាំង រីឯ គ្រីសស្មាស់ តាមអង់គ្លេស
សម្រាប់អ្នកដែលនិយមប្រារព្ធពិធីបុណ្យសាសនាគ្រិស្ត ដែលភាគច្រើនហៅថា បុណ្យណូអែល(Noel) ឬបុណ្យគ្រីសស្មាស់(Christmas) ឬអ្នកដែលកាន់សាសនាគ្រឹស្ត ប្រាកដជាស្គាល់ច្បាស់ពីពិធីបុណ្យសាសនាគ្រិស្តនេះ។ ពលរដ្ឋខ្មែរមួយចំនួនដែលគោរពសាសនាព្រះពុទ្ធ ក៏និយមប្រារព្ធពិធីនេះដែរ តែបើឲ្យរៀបរាប់ពីប្រវត្តិនៃពិធីបុណ្យនេះវិញ ប្រហែលជាមិនទាន់មានអ្នកណាយល់ច្បាស់នៅឡើយ។ អ្នកដែលចេះនិយាយភាសាបារាំង ប្រាកដជាស្គាល់ពាក្យថា ណូអែល«Noel» ចំណែកអ្នកដែលចេះប្រើភាសាអង់គ្លេស ក៏ប្រាកដជាស្គាល់ពាក្យថា «Christmas» តើពាក្យទាំងអស់នោះ មានអត្ថន័យពិតប្រាកដដូចម្តេច? «Noël» ជាភាសាដើមរបស់បារាំង ដែលពលរដ្ឋបារាំងគ្រប់គ្នា តែងច្រៀងបទ«Le Premier Noël» ដែលមានន័យថា រីករាយថ្ងៃបុណ្យណូអែល។ ក្រៅពីច្រៀងចម្រៀងណូអែល ពួកគេរៀបចំផ្ទះសម្តែង តុបតែងដើមឈើអមជាមួយអំណោយផ្សេងៗផងដែរ។ «Christmas» ជាពាក្យដើមមកពីភាសាអង់គ្លេសបុរាណថា Christes Maesse ឬ Christ’s Mass ដែលមានន័យថា ពិធីអបអរសាទរជួបជុំគ្នារវាងអ្នកគោរពសាសនាគ្រិស្ត។ ប្រជាពលរដ្ឋអាមេរិក និងអង់គ្លេស ចាត់ទុកបុណ្យ«Christmas» នេះ ជាថ្ងៃដែលលោកតា Santa Claus ផ្តល់ជាអំណោយ និងជាថ្ងៃដែលគេជួបជុំឲ្យកាដូគ្នាទៅវិញទៅមក ច្រៀងលេងកម្សាន្ត ជួនពរគ្នាទៅវិញទៅមក ឬការបួងសួងជាដើម។ ពួកគេជឿជាក់ថាការបួងសួងរបស់ពួកគេនឹងបានទៅដល់លោកតា Santa Claus នៅពេលគេបោះសំបុត្រចូលក្នុងភ្នក់ភ្លើង។ អង់គ្លេស ក៏គេមានជំនឿថា នៅពេលគេយកស្រោមជើងទៅព្យូរនៅដើមឈើនៅក្រោមបំពុងបង្ហុយផ្សែង ដើម្បីទទួលបានប្រាក់មាសពីលោកតា Santa Claus។ ចំណែកការព្យូរស្លឹកដើមឈើ នៅជុំវិញដើមឈើ គេរំលឹកដល់រដូវធ្លាក់ទឹកកក និងរំលឹកដល់ថ្ងៃផ្ការីកដែលជិតមកដល់ឆាប់ៗរបស់ប្រទេសអង់គ្លេស។ ជារួម ពាក្យថា «Noël» ឬ«Christmas»ឬម្យ៉ាងទៀត«X’ mas»ត្រូវបានគេកំណត់ថាជាថ្ងៃដែលរំលឹកដល់ព្រះយេស៊ូដែលបានប្រសូតនៅភពផែនដីនៅថ្ងៃទី២៥ ខែធ្នូ។ ប៉ុន្តែពួកគេភាគច្រើនមិនហៅថា បុណ្យព្រះយេស៊ូប្រសូតនោះទេ។ សម្រាប់ពលរដ្ឋខ្មែរហៅថាបុណ្យណូអែល «Noël» ហើយមួយរយៈចុងក្រោយនេះ ហៅថាបុណ្យគ្រីស្មាស់ «Christmas»។ បច្ចុប្បន្នមិនមែនមានតែប្រជាជនដែលកាន់សាសនាគ្រិស្តប្រារព្ធពិធីនេះទេ សូម្បីតែប្រទេសដែលមិនគោរពសាសនាគ្រិស្ត ក៏គេចូលរួមប្រារព្ធពិធីនេះផងដែរ។ ចំពោះប្រជាពលរដ្ឋខ្មែរ ក៏ប្រារព្ធពិធីនេះយ៉ាងផុសផុលផងដែរ ដោយពួកគេតែងរៀបចំកាដូជូនគ្នាទៅវិញទៅមក ឬការចែកស្ករគ្រាប់គ្នាទៅវិញទៅមកផងដែរ។ ចំណែកឯនៅតាមស្ថាប័ន ក្រុមហ៊ុន សាលារៀន ឬផ្ទះសម្តែងនានា ក៏មានការតាក់តែងដាក់បង្ហាញដើម «Christmas» មានភ្លើងភ្លឺផ្លេក និងប្រអប់កាដូយ៉ាងស្រស់ស្អាតផងដែរ៕
«អំណោយ»តែក្នុងភាសានិយាយគេច្រើនប្រើពាក្យ«កាដូ»
មានពលរដ្ឋខ្មែរច្រើនណាស់ដែលចាត់ទុកពាក្យ«កាដូ»នេះជាពាក្យខ្មែរ។ តាមការពិតខ្មែរមានពាក្យរបស់ខ្លួនហើយគឺពាក្យ«អំណោយ»។ ប៉ុន្តែពាក្យ«អំណោយ»ច្រើនឃើញមានគេប្រើនៅក្នុងសំណេរតែប៉ុណ្ណោះ ហើយក្នុងភាសានិយាយប្រចាំថ្ងៃ ពលរដ្ឋនិយមនិយាយពាក្យ«កាដូ»នេះវិញ។ «អំណោយ» និង«កាដូ» មានន័យដូចគ្នា គ្រាន់តែពាក្យ«កាដូ» ត្រូវបានមហាជនចូលចិត្តនិយាយក្នុងពេលមានកម្មវិធីអ្វីមួយ ដូចជា កម្មពិធីខួបកំណើត,ពិធីបង្កក់កូន,ពិធីបុណ្យណូអែលជាដើម។ ពាក្យ«កាដូ» ក្លាយមកពីភាសាបារាំងថា Cadeau៕
«ទេសចរ» និង«ទេសចរណ៍»ខុសគ្នាដូចម្តេច?
ការប្រើប្រាស់នូវពាក្យ «ទេសចរ» និង ពាក្យ «ទេសចរណ៍» មិនដូចគ្នាទេ។ ពាក្យ «ទេសចរ» ត្រូវបានប្រើប្រាស់ ដោយសំដៅទៅលើមនុស្ស។ រីឯ ពាក្យ «ទេសចរណ៍» វិញ គឺសំដៅទៅលើសកម្មភាពនៃការដើរកម្សាន្ត នៅកន្លែងណាមួយ។ វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ថា «ទេសចរ» គឺជាជនអ្នកធ្វើដំណើរលំហែកម្សាន្ត។ ឧទាហរណ៍ថា៖«ជារៀងរាល់ឆ្នាំ ទេសចរបរទេសរាប់លាននាក់ បានធ្វើដំណើរមកប្រទេសកម្ពុជា។ អ្វីដែលគួរឲ្យទាក់ទាញនិងចាប់អារម្មណ៍ជាងគេ សម្រាប់ពួកទេសចរបរទេសទាំងនោះ គឺប្រាសាទបុរាណរបស់ខ្មែរ ជាពិសេសប្រាសាទអង្គវត្ត»។ ចំណែកឯ «ទេសចរណ៍» គឺជាការធ្វើដំណើរកម្សាន្តលំហែចិត្តនៃជនបរទេស។ នេះជាការពន្យល់នៅក្នុងវចនានុក្រម សម្តេច ជួន ណាត ដដែល។ ឧទាហរណ៍ថា៖«វិស័យទេសចរណ៍ គឺជាផ្នែកដ៏សំខាន់មួយ ដែលអាចពង្រឹងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា»។ គេប្រើពាក្យ«ទេសចរណ៍»សំដៅលើទីកន្លែងផងដែរ ជាឈ្មោះក្រសួងទេសចរណ៍ ដែលទទួលបន្ទុកផ្នែកសក្តានុពុលទេសចរណ៍របស់ប្រទេសកម្ពុជា។
«អ៊ីនធឺណិត»,«អ៊ីនត្រាណិត»និង«អិចត្រាណិត»
រវាងពាក្យទាំងនេះ សាធារណជននៅមានភាពស្រពេចស្រពិលក្នុងការប្រើប្រាស់។ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបញ្ជាក់ថា ពាក្យ «Internet» សរសេរជាភាសាខ្មែរ «អ៊ីនធឺណិត» មានន័យថា (បណ្តាញសកល) គឺបណ្តាញកុំព្យូទ័រពិភពលោក ដែលអាចឲ្យមនុស្សចែករំលែកព័ត៌មាន និងទាក់ទងគ្នាទៅវិញទៅមក។ បណ្តាញរបស់ស្ថាប័នណាមួយ ដែលប្រើបច្ចេកវិទ្យាអ៊ីនធឺណិត សម្រាប់បញ្ជូនទិន្នន័យ នោះហៅថា «Intranet» ជាភាសាខ្មែរ «អ៊ីនត្រាណិត»។ ចំណែក ពាក្យ «Extranet» ជាភាសាខ្មែរ«អិចត្រាណិត» ជាបណ្តាញរបស់ស្ថាប័នមួយ ដែលផ្តល់សិទ្ធិឱ្យអតិថិជនទាំងក្នុង ឬក្រៅប្រទេស អាចប្រើអ៊ីនត្រាណិតបាន។ នេះបើយោងតាមការបកស្រាយជាផ្លូវការ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបានសម្របសម្រួលភាសាបរទេស ប្រែជាភាសាខ្មែរ៕
«ផ្លែចម្ប៉ាដក់»ដែលផ្ទុយពីភាសាផ្លូវការ«ផ្លែចម្ប៉ាដាក់»
ផ្លែឈើម្យ៉ាងដែលមានសណ្ឋានដូចផ្លែខ្នុរ ដែលគេចំណាំហៅថាផ្លែ«ចម្ប៉ាដក់» នោះមិនមែនជាពាក្យត្រឹមត្រូវនោះទេ។ ពាក្យដែលត្រូវហៅនោះគឺ «ចម្ប៉ាដាក់»។ បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត «ចម្ប៉ាដាក់» ជាផ្លែឈើដែលមានរាងដូចផ្លែខ្នុរ មានផ្លែតូចៗ និងមានក្លិនក្រអូប និងផ្អែមល្ងាន់ជាងខ្នុរបន្តិច។ មានពាក្យជាច្រើនទៀតដែលពលរដ្ឋនិយាយខុសពីការសរសេរ ពាក្យទាំងនោះមានដូចជា ផ្លែរកាំ មិនមែនផ្លែអង្កាំនោះទេ,ផ្លែបំពេញរាជ្យ មិនមែនផ្លែកំពីងរាជ្យទេ, នំគួឆាយ មិនមែននំកាឆាយទេ, ផ្លែប៉ិកួៈ មិនមែនផ្លែប៉ិកគូកនោះទេ, ផ្លែខ្នុរ មិនមែនផ្លែខ្នោ, ផ្លែក្រសាំង មិនមែនផ្លែកាសាំងទេ, ផ្លែសាវម៉ាវ មិនមែនផ្លែសៅម៉ាវទេ ,ផ្លែក្រខុប ក៏មិនមែនផ្លែមខុបដែរ៕
កាតព្វកិច្ច និង ភារកិច្ច
ករណីយកិច្ច និង កាតព្វកិច្ច មានន័យដូចគ្នាថា ជាកិច្ចការដែលគួរតែធ្វើ ឬការងារដែលមនុស្សម្នាក់ៗត្រូវតែធ្វើ។ ប៉ុន្តែ កាតព្វកិច្ច មានន័យសង្កត់ធ្ងន់ខ្លាំងជាងករណីយកិច្ច។ ចំណែក ភារកិច្ច មានន័យថា កិច្ចជាភារៈ កិច្ចជាទម្ងន់ កិច្ចជាបន្ទុក ឬ កិច្ចការធ្ងន់។ ករណីយកិច្ច និង កាតព្វកិច្ច គឺសំដៅលើកិច្ចការ ដែលត្រូវតែធ្វើជាចាំបាច់ ដោយមិនអាចរំលងបានឡើយ។ ឧទាហរណ៍៖ កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ត្រូវតែបង់ពន្ធជូនរដ្ឋកុំបីខាន។ រីឯពាក្យភារកិច្ច ជាកិច្ចការ ដែលចាំចាច់ធ្វើក៏បាន ឬមិនធ្វើក៏បាន។ ឧទាហរណ៍៖ ហាមចូល បើគ្មានភារកិច្ច៕
«ប្រសប់» និង«ប្រសព្វ»
«ប្រសប់» និង«ប្រសព្វ» ទំនងជាមានមនុស្សមួយចំនួនច្រឡំន័យគ្នា។ បើទោះបី ពាក្យទាំងពីរនេះមានសូរសព្ទដូចគ្នាក៏ពិតមែន ប៉ុន្តែពាក្យទាំងពីរនេះមិនមានន័យដូចគ្នាឡើយ។ «ប្រសប់» មានន័យថា ថ្នឹក,ប៉ិន,ប៉ិនខាងស្ទង់,លៃ,គ្នេរ។ ពាក្យនេះសម្រាប់ប្រើសំដៅលើមនុស្ស។ ឧទាហរណ៍៖ ចេះដប់មិនប្រសប់មួយ មានន័យថា អ្នកចេះគ្រប់យ៉ាង មិនប្រសប់មួយ។ ម្នាក់នោះពិតជាប្រសប់ធ្វើណាស់។ ពាក្យ «ប្រសព្វ» ប្រើជាកិរិយាសព្ទ មានន័យថា រួមគំនិតគ្នា,រួមសុខទុក្ខនឹងគ្នា, មានមុខប្រទល់រួមចូលគ្នា។ ឧទាហរណ៍៖ប្តីប្រពន្ធនោះ មានអធ្យាស្រ័យល្អណាស់ តាំងពីប្រសព្វគ្នាមក មិនដែលឈ្លោះទាស់ទែងខ្វែងគំនិតគ្នាម្តងសោះឡើយ។ «ប្រសព្វ»ប្រើជាកិរិយាសព្ទវិសេសន៍ និងជាគុណសព្ទ គឺមានន័យថា ដែលមានមុខប្រទល់រួមគ្នា។ ទន្លេប្រសព្វមុខ ,ទឹកប្រសព្វគ្នា៕
ទំព័រទី១ > ទំព័រទី២
ប្រភព ៖ គេហទំព័រ ថ្មីៗ
Comments are closed.