ពន្យល់ពាក្យ(៤)
ជំនួយការសិក្សា>បទានុក្រម>ពន្យល់ពាក្យ
ប្រភពឯកសារ ៖ គេហទំព័រ ថ្មីៗ
សម្រាប់ការចូលទៅកាន់ប្រភពឯកសារផ្ទាល់សូមចុច ៖ គេហទំព័រ ថ្មីៗ
ទំព័រទី៣ < ទំព័រទី៤ > ទំព័រទី៥
«ប៉ព្រិច»និង«ប៉ប្រិច» គួរសរសេរមួយណាទើបត្រូវ?
យោងតាមវចនានុក្រម សម្តេច ជួន ណាត ពាក្យ«ប៉ប្រិច»ទើបជាត្រឹមត្រូវ ហើយអាចសរសេរថា «ប៉ប្រិប» ក៏បាន។ តាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត កិរិយាសព្ទ«ប៉ប្រិប»ឬ«ប៉ប្រិច» នេះមាន័យថា កម្រើកត្របកភ្នែកបើបបិទៗយ៉ាងរហ័ស។ សូមមើលកុំប៉ប្រិចភ្នែកឲ្យសោះ ព្រោះវាអស្ចារ្យខ្លាំងណាស់។ បើជាឧទានសព្ទ មានន័យថា សូរឮប្រិចៗ ឬប្រិបៗរឿយៗ។ គេអាចនិយាយថា ប៉ប្រឹប ឬសស្រឹបក៏បាន៕
«ផ្សាំ» និង«សាំ»
«ផ្សាំ»សំដៅលើការដាំបណ្តុះអាសន្ន ឬដាំជាបណ្តើរសិន គឺដាំមែកឈើដែលសាកដុះឫស ហើយកាត់យកមកកប់ក្នុងដីសើមផ្សាំឲ្យចាប់ឫសស៊ប់ហើយ បញ្ចេញត្រួយលាស់ស្លឹក ស្រួលហើយ ទើបយកទៅដាំមែនទែនជាស្ថាពរតទៅ។ ផ្សាំមែកល្មុត ផ្សាំកូនដើមក្រូចពោធិ៍សាត់ ជាដើម។ សម្រាប់ពាក្យ«សាំំ»សំដៅលើភាពផ្ទួន ឬថែមដដែលៗ,ដែលដូចគ្នា ដដែលៗ។ និយាយសាំ,សម្តីសាំ។ នេះបើតាមវចនានុក្រម សម្តេច ជួន ណាត៕
«ចិត្ត» និង «មនោសញ្ចេតនា»
«ចិត្ត»សំដៅលើវិញ្ញាណ សម្រាប់គិត។ ចំណែក«មនោសញ្ចេតនា»សំដៅលើការទទួលបាននូវអារម្មណ៍ដែលប៉ះទង្គិចដល់ចិត្ត។ នេះបើយោងតាមវចនានុក្រមសម្តេច ជួន ណាត។ ពាក្យ«ចិត្ត»មានន័យថា ធម្មជាតិសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត គឺវិញ្ញាណ។ ចិត្តត្រង់,ចិត្តវៀច,ចិត្តល្អ, ចិត្តអាក្រក់។ «ចិត្ត»ជាគុណសព្ទ មានន័យ ដែលគេវិចិត្តហើយ,ដែលគេធ្វើឲ្យផ្ចិតផ្ចង់រួចស្រេចហើយ។ «ចិត្ត» ភាគច្រើនប្រើជាគុណសព្ទសម្រាប់ផ្សំជាមួយនាមសព្ទដទៃ ដូចជា ចិត្តកម្ម រូបភាព រូបដែលគេគូរ ដែលគេឆ្លាក់, ចិត្តការ ឬចិត្រការ្យ ឬចិត្តករ ជាងគំនូរ ,ជាងលាបថ្នាំ, ចិត្តវិជ្ជា ឬចិត្តវិទ្យា គឺវិទ្យាខាងវិចិត្រ។ ចំណែក«មនោសញ្ចេតនា» មានន័យថា សេចក្តីរិះគិតក្នុងចិត្ត,ចំណុចរបស់ចិត្ត,ការទទួលដឹងនូវអារម្មណ៍ ដែលមកប៉ះដល់ចិត្ត អធ្យាស្រ័យប្រកបដោយករុណា៕
«អុំ»និង«ចែវ»
«អុំ»និង«ចែវ»ជាកិរិយាសព្ទ សម្រាប់បង្ហាញពីសកម្មភាពមនុស្សដែលប្រើប្រាស់ទូកសម្រាប់ធ្វើដំណើរទៅតាមផ្លូវទឹក។ នេះបើយោងតាមចវនានុក្រម សម្តេច ជួន ណាត ពាក្យ«អុំ»មានន័យថា ចាប់ច្រវាចូកទឹកដើម្បីឲ្យទូកមានចលនាទៅមុខឲ្យលឿន។ ចំណែក«ចែវ» សំដៅលើការចូកគាស់ទឹកដោយពាក់ត្របែងនឹងខ្សែភ្ជាប់នឹងបង្គោល ហើយកាន់យោគចូកគាស់ទឹក ដើម្បីឲ្យទូកលឿន។ «អុំទូក» បង្ហាញពីសកម្មភាពមនុស្សអង្គុយនៅលើទូក ដោយដៃកាន់ច្រវាវែងមួយ សម្រាប់អុំទៅមុខ។ ដោយឡែក«ចែវទូក»វិញ បង្ហាញពីមនុស្សអង្គុយ ឬឈរ ចែវទូក ដោយមានច្រវាឈើ ដែលជាប់នឹងទូក សម្រាប់កាន់យោគចូកគាស់ទឹក៕
«និន្ទា» និង«និទ្រា»
«និន្ទា» និង«និទ្រា» ជាពាក្យដែលប្រើ និងសរសេរខុសគ្នា។ នេះបើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ «និន្ទា» ជាសំស្ក្រឹត និងបាលី ដែលមានន័យថា ដំណើរតិះដៀល, ការរិះគន់, ដំណៀល។ ឧទាហរណ៍៖ មនុស្សក្នុងលោក មិនអាចជៀសផុតអំពីនិន្ទាពីនរណាម្នាក់បានឡើយ។ ចំណែកឯ «និទ្រា»ជាដំណើរដេកលង់លក់។ ឧទាហរណ៍៖ កំពុងនិទ្រា៕
«មូលនិធិ» ជាពាក្យត្រូវ មិនមែន «មូលិធិ»
សរសេរជា«មូលនិធិ»ទើបត្រឹមត្រូវទៅតាមវចនានុក្រមខ្មែរ។ «មូលនិធិ» មានន័យថា ជាកំណប់ទ្រព្យដើម(ប្រាក់ដែលចំណាយធ្វើបុណ្យ។ ប្រាក់ដែលចងការឲ្យគេ,ប្រាក់ដែលចំណាយធ្វើការណាមួយបម្រុងនឹងយកចំណាញទៅខាងមុខ ក៏ជាគេហៅថា «មូលនិធិ»ដែរ។ ពិតណាស់ «មូលនិធិ» ជាពាក្យដែលត្រឹមត្រូវតាមវចនានុក្រម ប៉ុន្តែមនុស្សមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបែរជាទម្លាប់សរសេរ «មូលិធិ» ទៅវិញ៕
«រមណីយដ្ឋាន» មានន័យខុសពី«ភោជនីយដ្ឋាន»
«រមណីយដ្ឋាន»សំដៅលើទីកន្លែងដែលផ្តល់ភាពរីករាយ។ ចំណែក«ភោជនីយដ្ឋាន»សំដៅលើទីកន្លែងសម្រាប់បរិភោគ។ នេះបើយោងតាមវចនានុក្រមខ្មែរ។ វចនានុក្រមខ្មែរបានបញ្ជាក់ពាក្យ«រមណីយដ្ឋាន» ជាតំបន់ដែលគួរឲ្យរីករាយ គួរត្រេកអរ សប្បាយ ចាប់ចិត្ត។ «រមណីយដ្ឋាន»ត្រូវបានគេចាត់ទុកថា ជាទីកន្លែងមួយដែលគេរៀបចំឡើងដែលពោរពេញទៅដោយធម្មជាតិ ដែលមានជាដើមឈើ សួនច្បារ សួនផ្កា និងមានជាបឹងបួរ និងមានកន្លែងកម្សាន្តផ្សេងៗ។ បើនិយាយពីពាក្យ«ភោជនីយដ្ឋាន»វិញ ជាកន្លែងមួយសម្រាប់បរិភោគ។ និយាយជារួម ជាកន្លែងដែលមានអាហារច្រើនបែបសម្រាប់ឲ្យមនុស្សបរិភោគ៕
«សំរាម»ជាព្យាង្គរាយ មិនអាចសរសេរ«សម្រាម»ជាព្យាង្គតម្រួតបានឡើយ!
ក្នុងវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត ពន្យល់លម្អិតពាក្យ«សំរាម» ជាគ្រឿងខ្ជាំ។ បើនិយាយឲ្យចំទៅ«សំរាម»ត្រូវបានគេចាត់ទុកថា ជាកាកសំណល់ ឬរបស់របរដែលគេបោះបង់ចោល។ គេច្រើនប្រើពាក្យនេះ ជាមួយនឹងពាក្យ គំនរសំរាម,សំរាមប្លាស្ទិក,បោសសំរាម ជាដើម។ «សំរាម»ជាព្យាង្គរាយ ត្រូវបានមនុស្សមួយចំនួន ច្រឡំសរសេរ«សម្រាម»ជាព្យាង្គតម្រួត ដោយសារគេសង្កេតឃើញថាពាក្យខ្លះប្តូរពីព្យាង្គរាយ មកជាព្យាង្គតម្រួតវិញ ពាក្យនោះមាន ចំលើយ, តំរូវ, សំរាប់,កំលាំង, កំពស់, ចំការ, ចំរៀង, ចំលង, តំលៃ។ល។ ត្រូវប្តូរមកជាព្យាង្គតម្រួតវិញ ចម្លើយ,តម្រូវ, សម្រាប់,កម្លាំង,កម្ពស់,ចម្ការ, ចម្រៀង,ចម្លង,តម្លៃ។ល។ ថ្វីដ្បិតពាក្យខ្លះត្រូវបានប្តូរមកសរសេរជាព្យាង្គតម្រួតក្តី ប៉ុន្តែមានពាក្យខ្លះសម្តេច ជួន ណាត មិនតម្រូវឲ្យសរសេរជាព្យាង្គតម្រួតនោះទេ ពាក្យនោះមានដូចជា ជំងឺ, ជំរុញ មិនអាចសរសេរជាព្យាង្គតម្រួត ជម្ញឺ និង ជម្រុញ បានឡើយ៕
«អុំទូក» ទើបត្រូវ មិនមែន«អ៊ុំទូក» ទេ
វចនានុក្រមខ្មែរបានបញ្ជាក់ពាក្យ «អុំទូក» ជាពាក្យត្រូវ។ «អុំទូក» ជាពិធីបុណ្យជាតិរបស់កម្ពុជា ភាគច្រើនគេនិយមប្រារព្ធឡើងនៅខែវិច្ឆិកា។ ពិធីបុណ្យអុំទូក និងអកអំបុក សំពះព្រះខែ មានរយៈពេល៣ថ្ងៃ។ ជាទូទៅពិធីនេះមានការចូលរួមដោយកីឡាករប្រណាំងទូកជាច្រើន ដើម្បីអុំទូកប្រណាំងគ្នានៅទន្លេចតុម្មុខ។ នៅពេលយប់គេក៏រៀបចំពិធីបណ្តែតប្រទីបផងដែលរំលេចពីប្រទីបរបស់ក្រសួងនានានៅកម្ពុជា ដើម្បីរំលឹកដល់ព្រះគង្គានៃព្រះធរណីដែលបានជួយស្រោចស្រង់ដល់វិស័យកសិកម្ម។ ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម្លេះ។ ក្នងអំឡុងឆ្នាំ១១៧៧ មានពួកចាមបានលើកទ័ពមកលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេល៤ឆ្នាំ។ ព្រះបាទជ័យវរ្ម័នទី៧ បានប្រើយុទ្ធសាស្ត្រជាច្រើន ដើម្បីកំចាត់ពួកចាម រហូតដល់បានសម្រេច និងដណ្តើមបានទឹកដីមកវិញ។ បន្ទាប់មកនៅឆ្នាំ១១៨១ ព្រះអង្គក៏បានគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិឡើងវិញ និងបានធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើន។ ពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យអុំទូកនេះឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់គំរូភាពនៃការលះបង់របស់កងទ័ពខ្មែរដែលបានការពារទឹកដីខ្មែរ ហើយបានចាត់ទុកពិធីបុណ្យអុំទូកជាពិធីបុណ្យជាតិខ្មែរដ៏ធំបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម៕
ពាក្យខ្លះ ពេលដាក់ស្រៈ «ិ» ខាងចុង ជានាម តែបើមិនដាក់ ជាកិរិយា
ទោះដាក់ស្រៈ «ិ» នៅខាងចុង ឬមិនដាក់ស្រៈ «ិ» នៅខាងចុងក៏ដោយ ក៏អត្ថន័យនៃពាក្យនោះ មិនប្រែប្រួលដែរ។ ប៉ុន្តែ ពាក្យនោះ នឹងមានតួនាទីផ្សេងពីគ្នា ពោលគឺ បើដាក់ស្រៈ «ិ» នៅខាងចុង គឺដើរតួជានាមសព្ទ តែបើមិនដាក់ស្រៈ «ិ» នៅខាងចុងទេ គឺដើរតួជាកិរិយាសព្ទ។ ពាក្យទាំងនោះ មានដូចជា ច្យុតិ ជានាមសព្ទ តែ ច្យុត ជាកិរិយាសព្ទ, អនុម័តិ ជានាមសព្ទ តែ អនុម័ត ជាកិរិយាសព្ទ, ប្រសូតិ ជានាមសព្ទ តែ ប្រសូត ជាកិរិយាសព្ទ, បញ្ញត្តិ ជានាមសព្ទ តែ បញ្ញត្ត ជាកិរិយាសព្ទ, ឋិតិ ជានាមសព្ទ តែ ឋិត ជាកិរិយាសព្ទ, ប្រព្រឹត្តិ ជានាមសព្ទ តែ ប្រព្រឹត្ត ជាកិរិយាសព្ទ, សន្មតិ ជានាមសព្ទ តែ សន្មត ជាកិរិយាសព្ទ ។ល។ ប៉ុន្តែ ពាក្យខ្លះ អាចសរសេរបានតែម្យ៉ាងគត់ គឺ ដាក់ស្រៈ «ិ» នៅខាងចុង ហើយដើរតួជានាមសព្ទ។ ពាក្យទាំងនោះ មានដូចជា មតិ, គតិ, ប្រវត្តិ, ជាតិ, សម្បត្តិ, ចក្រពត្តិ, ញត្តិ, ញាតិ, ឋានន្តរសក្តិ, វិបត្តិ, ទុគ្គតិ, សុគតិ, នីតិ, បរិយត្តិ, បីតិ, អាណត្តិ, អាបត្តិ ។ល។ ពាក្យទាំងនេះ គឺសុទ្ធតែជានាមសព្ទ ដោយមិនអាចលុបស្រៈ «ិ» ចេញ ដើម្បីឲ្យក្លាយជាកិរិយាសព្ទ នោះទេ៕
«ផ្តុំ» និង«ផ្គុំ»
«ផ្តុំ»មានន័យថា ធ្វើឲ្យជាដុំ ប្រមូល រួបរួមឲ្យជាដុំ ឬជាពួក។ ប្រមូលផ្តុំគ្នា ដើម្បីរួមគ្នារើសសំរាម។ ចំណែក«ផ្គុំ»មានន័យថា ធ្វើឲ្យរួមគ្នា, ឲ្យចូលជិតជាប់នឹងគ្នា។ ផ្គុំដែក ផ្គុំដៃ។ ពាក្យនេះប្រើជាមួយនឹងពាក្យ ផ្សំ បានជាផ្សំផ្គុំ គឺផ្សំឲ្យមេត្រីនឹងគ្នា ឬផ្សំឲ្យបានជាប្តីប្រពន្ធ៕
«បំភ្លើស»និង«បំផ្លើស»មួយណាត្រឹមត្រូវ?
ពាក្យដែលត្រឹមត្រូវគឺ «បំផ្លើស» ដែលមានន័យថា ធ្វើឲ្យលើស ធ្វើឲ្យកើនលើសជ្រុលហួសហេតុ។ ឧទាហរណ៍៖ និយាយបំផ្លើសការពិតទាំងស្រុង។ នេះបើយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត៕
«បោះ»មានន័យខុសពី«បោស»
សម្តេច ជួន ណាត ពន្យល់ពាក្យ«បោះ» ថា ចាប់គ្រវែងឬចោលដោយដៃផ្ងារ បោះឧស, បោះអង្គញ់។ វាយសំពងឲ្យមុតកប់ ឲ្យលិចចុះ បោះបង្គោល, បោះស្នឹង, បោះដែកគោល។ «បោះ» ក៏អាចប្រើក្នុងន័យថា លក់ទំនិញលើកបូកបោះរួបរួមទាំងអស់ ដោយមិនគិតយកចំណេញច្រើន , យកសំពត់ហូល ៣០ ទៅបោះឲ្យហាង ។ ធ្វើឲ្យដិតជាប់ជាស្នាមឬជារូបភាព, ជាក្បាច់រចនា តាមស្នាមចម្លាក់ឬតាមពុម្ព ដែលគេនិយមថា បោះត្រា, បោះពុម្ពអក្សរ, បោះពុម្ពក្បាច់ ជាដើម។ បោះពាក្យ ឬ បោះសម្ដី បញ្ចេញពាក្យសម្ដីទ្រគោះដូចគេបោះអ្វីៗចោល។ បោះសន្ទូចរំលងភ្នំ រំលងអ្នកធំទៅរកឯអ្នកតូចមុនឬរំលងមុខក្រសួងមិនតាមលំដាប់ពីនេះទៅនោះ។ ចំណែក«បោស»វិញ សំដៅថា សម្អាតដោយអំបោស ឬផាត់សម្អាតដោយបាតដៃជាដើម។ បោសច្រាស បោសគ្រវាសវាយវាត់ឲ្យដាច់ស្មៅ ដោយច្រាសវែងធ្វើដោយបន្ទោះឫស្សីមូលៗ ចងឬចាក់ច្បោសជាបាច់ឬដោយអំបោសវែងធ្វើដោយដើមឫស្សីព្រេចជាដើម៕
«វៀង»មានន័យខុសពី«វាង»
វៀងចន្ទន៍ គឺក្រុងចន្ទន៍ ដែលមាននៅក្នុងប្រទេសឡាវប៉ែកខាងកើត។ ចំណែក«វាង»នេះជាគុណសព្ទ ដែលមានន័យថា វៀចវែង ដូចជា ផ្លូវវាង,គំនិតវាង,សម្តីវាង ជាដើម។ វចនានុក្រមសម្តេច ជួន ណាត បានលើកឡើងពាក្យមួយចំនួនដែលមានសទិសសូរ(ពាក្យដែលមានសូរសៀងដូចគ្នា តែអត្ថន័យខុសគ្នា)នោះមានពាក្យ ក,ករ,ក៏, កា,ការ,ការណ៍,កាណ៍,កោដិ,កោដ្ឋ,កោត, ធុន,ធន់, ប្រមាទ,ប្រមាថ, ខណ្ឌ,ខន្ធ,ខាន់ ឬខ័ន ជាដើម៕
«សារៈមន្ទី»,«សារៈមន្ទីរ»និង«សារមន្ទីរ» ប្រើមួយណាទើបត្រូវ?
«សារមន្ទីរ» ជាពាក្យដែលត្រូវតាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត និងមានន័យថា មន្ទីរដាក់របស់មានតម្លៃ។ បច្ចុប្បន្ន វត្ថុបុរាណខ្មែរគ្រប់ទម្រង់គឺសុទ្ធសឹងតែតម្កល់ទុកក្នុងសារមន្ទីរ ដើម្បីជាតឹងតាងសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្វែងយល់ និងស្គាល់ពីតម្លៃនៃវត្ថុបុរាណ វប្បធម៌ និងអរិយធម៌ខ្មែរ ដែលដូនតាខ្មែរបានបន្សល់ទុក៕
«ថេរ»មានន័យដូចគ្នានឹងពាក្យ«ស្ថិរ»និង«ថិរ»ដែរឬទេ?
«ថេរ»,«ស្ថិរ» និង«ថិរ» ជាពាក្យសរសេរប្លែកគ្នា តែខ្លឹមសារដូចគ្នា ដែលមានន័យថា ឋិតនៅបានយូរ, មាំមួន,ខ្ជាប់ខ្ជួន, រឹងប៉ឹង។ វេចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ពាក្យ «ថេរ»សម្រាប់ប្រើជាមួយពាក្យ ឋិត បានជា ឋិតថេរ មានន័យថា តាំងនៅមាំ យឺនយូរ។ សម្រាប់ពាក្យ«ស្ថិរ» និង«ថិរ» ប្រើពីមុខពាក្យដទៃ ដូចជា ស្ថិរកម្ម(ការឋិតថេរ) ស្ថិរចិត្ត(ចិត្តខ្ជាប់ខ្ជួន)ស្ថិរភាព(ភាពឋិតថេរ)៕
«តាំងយូ»មិនមែនជាពាក្យខ្មែរ
«តាំងយូ»ជាពាក្យកម្ចីពីចិន ដែលមានន័យថា ឆត្រក្រាញឫស្សីប្រទាក់ស្រេះអំបោះពាសក្រដាសស្វិតជ្រលក់ជ័រ ឬសំពត់ជ្រលក់ជ័រ, ជ្រលក់ក្រមួនឃ្មុំ ដងឫស្សី ឬឈើមូលមានគន្លឹះ សម្រាប់បាំងភ្លៀង និងកម្តៅថ្ងៃ។ វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានលើកឡើង ពាក្យមួយចំនួនទៀត ដែលជាកម្ចីពីចិន ដោយពាក្យទាំងនោះមាន តាំងឱ ចិនថាត័ងអូ៎, មីសួ, គុយទាវ, ចាប់ហួយ, ហេង, បង្អែមតៅស៊ន,សៀវភៅ ជាដើម៕
ពាក្យ ដែលមាន «អនុ» នៅខាងដើម តែងបង្ហាញពី «ឋានៈទាប»
ជាទូទៅ ពាក្យណា ដែលផ្សំដោយ «អនុ» នៅខាងដើម ពាក្យនោះ តែងមានលក្ខណៈបែបស្តាប់បង្គាប់ ឬស្ថិតនៅក្រោមបញ្ជារបស់បុគ្គលណាម្នាក់។ ម្យ៉ាងទៀត ពាក្យ ដែលមាន «អនុ» នៅខាងដើម ច្រើនតែបង្ហាញពីឋានៈ ឬតួនាទីណាមួយ ដែលមានសិទ្ធិអំណាច តិចជាងអ្នកដទៃ។ ពាក្យដែលមាន «អនុ» នៅខាងដើម មានដូចជា អនុការី (អ្នកធ្វើការរង), អនុគណ (គណៈបន្ទាប់, គណៈរង, គណៈបន្ទាប់), អនុចារី (អ្នកធ្វើតាម), អនុត្ថេរ (ថេរៈបន្ទាប់, ថេរៈតូច), អនុទោស (ទោសតូច, ទោសបន្ទាប់បន្សំ), អនុនាយក (នាយកបន្ទាប់, នាយករង), អនុមន្ត្រី (មន្ត្រីបន្ទាប់, មន្ត្រីថ្នាក់រង), អនុរដ្ឋលេខាធិការ (រដ្ឋលេខាធិការរង), អនុវត្ត (ប្រព្រឹត្តតាម, ធ្វើតាម) ។ល។
«ប៉ាន»មានន័យខុសពី«ប៉ាន់»
«ប៉ាន» សំដៅលើពាសពីលើ,ស្រោបថែម,ដាក់ ឬពាក់ប្រដាប់ ដែលហៅថា ប៉ាន។ បើពាក្យ«ប៉ាន់»វិញ មានន័យថា សូនធាតុដីជ្រាយឲ្យកើតបានជារូប។ វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ថា «ប៉ាន»ជាកិរិយាសព្ទ មានន័យថា ពាសពីលើ ស្រោបថែម។ ត្រូវប៉ានដែកថែបមួយផ្ទាំងទៀត, ប្រយ័ត្ន! ក្បាលអ្នកឯងមិនមែនប៉ានដែកទេ កុំហ៊ានពេក។ «ប៉ាន»ជានាមសព្ទមានន័យថា ប្រដាប់សម្រាប់គ្រប រឺសម្រាប់ប៉ះភ្ជាប់។ ប៉ានមុខគោ,ប៉ានដៃ។ រីឯកិរិយាសព្ទ«ប៉ាន់»វិញ សំដៅលើ សូនធាតុដីជ្រាយឲ្យកើតជារូបអ្វីៗ។ ប៉ាន់រូប។ «ប៉ាន់»មានន័យម្យ៉ាងទៀតថា បែងចែក,បូកបោះ,លៃមើល។ ប៉ាន់មើលទៅឃើញអស់ប្រាក់ចំនួន២០០០រៀល។ និយាយជា បូកប៉ាន់ ក៏បាន។ ប្រើ«ប៉ាន់»ជានាមសព្ទវិញ មានន័យថា ជាភាជនៈធ្វើដោយដៃវិសេស មានដៃ មានចំពួយ សម្រាប់ឆុងតែ។ ប៉ាន់តែ តែមួយប៉ាន់។ «ប៉ាន់»ប្រើជាគុណសព្ទវិញ មានន័យថា វៀច ទ្រេត ផត។ ក្បាលប៉ាន់៕
«អំបោះ»មានន័យខុសពី«អំបោស»ឬ«អម្បោស»ដូចម្តេច?
«អំបោះ»មានន័យថា សរសៃសំឡីដែលរវៃរួចហើយ មានប្រវែងវែងៗ សម្រាប់ត្បាញសំពត់ជាដើម អំបោះឆៅ, សំពត់អំបោះ អំបោះភ្លុក។ ហុចអំបោះស្រណោះដៃ ឲ្យអ្វីៗមាននំចំណីជាដើមទៅអ្នកដទៃ ដោយមានសង្ឃឹមថាគេនឹងឲ្យអ្វីៗតបមកវិញពុំខាន( ឲ្យដោយសម្លឹងប្រយោជន៍ភ្លាមៗ ) ។ ចំណែក«អំបោស»ឬ«អម្បោស» សំដៅលើ ប្រដាប់សម្រាប់បោស។ អម្បោសជក់ត្នោត,អម្បោសជក់ដូង,អម្បោសស្លាបសត្វ៕
ទំព័រទី៣ < ទំព័រទី៤ > ទំព័រទី៥
ប្រភព ៖ គេហទំព័រ ថ្មីៗ
Comments are closed.