ពន្យល់ពាក្យ(៣)
ជំនួយការសិក្សា>បទានុក្រម>ពន្យល់ពាក្យ
ប្រភពឯកសារ ៖ គេហទំព័រ ថ្មីៗ
សម្រាប់ការចូលទៅកាន់ប្រភពឯកសារផ្ទាល់សូមចុច ៖ គេហទំព័រ ថ្មីៗ
ទំព័រទី២ < ទំព័រទី៣ > ទំព័រទី៤
«យឹត» និង «យឺត»
«យឹត»ជាកិរិយាសព្ទ មានន័យថា ទាញឲ្យដាបមកជិត។ «យឹត»សំដៅលើ យឹតមែកឈើ។ ចំណែក«យឺត»ជាកិរិយាវិសេសន៍ មានន័យថា ដែលមិនរហ័ស មិនរួសរាន់។ គេច្រើននិយាយថា យឺតយ៉ាវ។ នេះបើយោងតាមវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត៕
«ជំរំ»មានន័យខុសពី«ជុំរុំ»ដូចម្តេច?
«ជំរំ» សំដៅលើទីកន្លែងស្នាក់អាស្រ័យបណ្តោះអាសន្ន។ ចំណែក«ជុំរុំ»សំដៅលើការជួបជុំគ្នា។ នេះបើតាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត។ វចនានុក្រមខ្មែរបានបញ្ជាក់ពាក្យ«ជំរំ»ថាជាទីសម្រាប់ស្នាក់អាស្រ័យបណ្តោះអាសន្ន ដោយធ្វើអំពីមែកឈើ ឬចំបើង។ ភាគច្រើនគេបោះជំរំដោយរៀបចំជាតង់សម្រាប់ស្នាក់អាស្រ័យនៅកន្លែងដែលមានព្រៃភ្នំ។ ពាក្យ«ជុំរុំ»វិញ បញ្ជាក់ពី ការជួបជុំគ្នាដោយគ្មានសល់ម្នាក់ណាទេ។ ភ្ញៀវបានមកជំរុំគ្នាអស់ហើយ កុំទាន់អាលនិយាយការណ៍ ចាំជំរុំគ្នាអស់សិន។ នេះបើតាមការបញ្ជាក់ពីវចនានុក្រមខ្មែរដដែល៕
ពាក្យ «ប្រឌិត» សរសេរជា «ប្រឌិដ្ឋ» ឬ «ប្រតិដ្ឋ» ក៏បាន
ក្នុងវចនានុក្រមខ្មែរពាក្យ«ប្រឌិត»អាចសរសេរច្រើនបែប និងច្រើនទម្រង់ ដោយសរសេរជា«ប្រឌិដ្ឋ»ឬ«ប្រតិដ្ឋ»ក៏បាន គឺសុទ្ធតែត្រឹមត្រូវដូចគ្នាទាំងអស់។ វចនានុក្រមខ្មែរ បញ្ជាក់ថា«ប្រឌិត,ប្រឌិដ្ឋ ឬ ប្រតិដ្ឋ» មានន័យថា ឋិតនៅនឹង,តាំងនៅស៊ប់,តាំងនៅជាប់លាប់។ ពាក្យទាំងនេះសំដៅលើការបង្កើតអ្វីមួយទៅតាមយោបល់របស់ខ្លួន ដោយប្រដូចទៅនឹងនេះ ទៅនឹងនោះ។ គេច្រើននិយាយពាក្យទាំងនេះ នៅក្នុងន័យថា ពាក្យប្រឌិដ្ឋ គឺជាពាក្យដែលគេចេះតែនិយាយទៅៗ៕
ពាក្យសរសេរជាផ្លូវការ «អ្ហែង» មិនមែន«ហ្អែង»ឡើយ
«អ្ហែង» ជានិបាតសព្ទ មានន័យថា ឯង។ «អ្ហែង»ជាពាក្យសាមញ្ញសម្រាប់និយាយផ្សំជាមួយពាក្យ អា ថាជា អាអ្ហែង គឺអាឯង។ អាអ្ហែងនេះផ្តេសផ្តាសណាស់។ នេះបើតាមវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត៕
«នៅ» និង«នូវ»
ពាក្យ«នៅ» ប្រើជាកិរិយាសព្ទ មានន័យថា ឋិត, ស្ថិត, មានៈ នៅឯណា?, នៅផ្ទះ, នៅក្នុងបន្ទប់...។ ប៉ុន្តែបើជាកិរិយាវិសេស មានន័យថា ដែលមិនទាន់, ដែលមានទៀតៈ អស់ហើយឬនៅ? នៅ, នៅឡើយ, នៅទេ។ ចំណែកពាក្យ«នូវ» មានថ្នាក់ពាក្យជានាម មានន័យថា នឹង, ហើយនឹង។ ឧទាហរណ៍ៈ ព្រះរាជវង្សានុវង្ស និងមន្ត្រីធំតូច នូវអស់ប្រជាជនទាំងពួង។ ប៉ុន្តែន័យម្យ៉ាងទៀត គឺជាពាក្យប្រាប់ដំណើរសម្រេចអំពើដែលគេត្រូវធ្វើៈ បុគ្គលធ្វើនូវអំពើល្អ ដោយកាយ វាចា ចិត្ត នឹងបាននូវផលល្អ...។ ជារួមមក ការប្រើប្រាស់ រវាងពាក្យទាំងពីរនេះ សាធារណជន ត្រូវចំណាំថាចំពោះពាក្យ«នៅ» គឺគេប្រើសំដៅដល់ទីតាំងដែលអ្វីមួយកំពុងស្ថិតនៅ និងប្រើសម្រាប់បញ្ជាក់ពីស្ថានភាពដែលមិនទាន់បានសម្រេចជាដើម(នៅឡើយ, នៅទេ)។ ដោយឡែកចំពោះពាក្យ «នូវ» វិញ គឺប្រើសម្រាប់បញ្ជាក់ពីអ្វីដែលត្រូវធ្វើ។ ឧទាហរណ៍៖ ក្រោយពេលទទួលបានអាហាររូបករណ៍មកសិក្សានៅភ្នំពេញ សុភ័ក្រ បានទៅរស់នៅជាមួយម្ដាយមីង ដើម្បីបន្តការសិក្សា។ រយៈពេលបួនឆ្នាំ សុភ័ក្រ បានខិតខំធ្វើនូវកិច្ចការជាច្រើន ដើម្បីតបស្នងនូវទឹកចិត្តម្ដាយមីងរបស់ខ្លួនដែលបានឲ្យខ្លួនស្នាក់អាស្រ័យជាមួយដោយមិនគិតថ្លៃ ហើយថែមទាំងជួយផ្គត់ផ្គង់ដល់ការសិក្សារបស់ខ្លួនផងនោះ៕
«ដែល»និង«ដែរ»
ពេលខ្លះប្រើជាពាក្យ«ដែល»មកប្រើជាពាក្យ«ដែរ»វិញ ហើយពេលខ្លះប្រើជាពាក្យ«ដែរ»មកជាពាក្យ«ដែល»វិញ។ វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់និយមន័យពាក្យទាំងពីរនេះដូចខាងក្រោម៖ ពាក្យ«ដែល» គឺជាពាក្យប្រាប់ដំណើរនៃអំពើ សម្រាប់និយាយភ្ជាប់នាំមុខនាមសព្ទ។ ឧទាហរណ៍ ការដែលខ្ញុំធ្វើ, ពាក្យដែលគេនិយាយ,ដំណឹងដែលខ្ញុំឮ, សាលារៀនដែលរាជការចំណាយប្រាក់ឲ្យសង។ល។ ប៉ុន្តែបើជានាមសព្ទ ពាក្យ«ដែល» មានន័យថា សំណល់, របស់ដែលសល់ឬដែលគេប្រើប្រាស់ហើយ។ ឧទាហរណ៍ ស៊ីបាយដែលគេ, ស្លៀកសំពត់ដែលគេ។ ទោះជាយ៉ាងណាក្នុងន័យទីពីរនេះ មិនមានកំហុសអ្វីដែលនាំជាបញ្ហានោះទេ។ ព្រោះបើនិយាយទៅដល់អ្វីដែលសល់ពីគេ, ប្រើប្រាស់របស់បន្ទាប់ពីអ្នកណាម្នាក់គឺគេដឹងយ៉ាងច្បាស់ថា មិនអាចប្រើពាក្យ«ដែរ»បានទេ។ ដោយឡែក ចំពោះពាក្យ«ដែរ»វិញ គឺមានន័យថា ដូចគ្នា, បានដូចគ្នា, ផង។ ឧទាហរណ៍ដូចជាពាក្យថា ខ្ញុំទៅដែរ, ដូច្នេះក៏បានដែរ, អ្នកទៅជាមួយនឹងខ្ញុំដែរឬ? ល្អគ្រាន់បើដែរ។ល។ ជារួមមក តាមរយៈអត្ថន័យដែលវចនានុក្រមខ្មែរបានកំណត់ សាធារណជន ត្រូវតែចំណាំថា ពាក្យ«ដែល» គឺជាពាក្យប្រាប់ដំណើរនៃអំពើ។ ចំណែកពាក្យ «ដែរ»គឺជាពាក្យបង្ហាញពីអ្វីដូចគ្នា ដើម្បីសម្គាល់ទៅការបង្ហាញពីវត្ថុ គំនិត សកម្មភាពជាដើម៕
«កាណូត»មិនមែនជាពាក្យខ្មែរឡើយ!
បើប្រៀបធៀប«ទូក»ទៅនឹង«កាណូត»វិញ គឺមានទំហំ និងមុខងារខុសគ្នាឆ្ងាយណាស់។ «ទូក» ជាយានជំនិះសម្រាប់ឆ្លងទឹក។ ទូកមានច្រើនប្រភេទ គឺទូកកំរោល ទូកផ្កាចា ទូក-ង។ សម្រាប់«កាណូត» ជាយានជំនិះសម្រាប់ជិះនៅលើទឹក ដោយល្បឿនរបស់វា លឿនជាងទូក។ មនុស្សជិះទូក ដោយចែវ ឬ អុំទូក តែបើជិះកាណូត គឺមិនចាំបាច់អុំ ឬចែវ ទេ គ្រាន់តែបញ្ឆេះម៉ាស៊ីន វានឹងទៅមុខដោយមនុស្សជាអ្នកបញ្ជា៕
«សំរាម»ជាព្យាង្គរាយ មិនអាចសរសេរ«សម្រាម»ជាព្យាង្គតម្រួតបានឡើយ!
ក្នុងវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត ពន្យល់លម្អិតពាក្យ«សំរាម» ជាគ្រឿងខ្ជាំ។ បើនិយាយឲ្យចំទៅ«សំរាម»ត្រូវបានគេចាត់ទុកថា ជាកាកសំណល់ ឬរបស់របរដែលគេបោះបង់ចោល។ គេច្រើនប្រើពាក្យនេះ ជាមួយនឹងពាក្យ គំនរសំរាម,សំរាមប្លាស្ទិក,បោសសំរាម ជាដើម។ «សំរាម»ជាព្យាង្គរាយ ត្រូវបានមនុស្សមួយចំនួន ច្រឡំសរសេរ«សម្រាម»ជាព្យាង្គតម្រួត ដោយសារគេសង្កេតឃើញថាពាក្យខ្លះប្តូរពីព្យាង្គរាយ មកជាព្យាង្គតម្រួតវិញ ពាក្យនោះមាន ចំលើយ, តំរូវ, សំរាប់,កំលាំង, កំពស់, ចំការ, ចំរៀង, ចំលង, តំលៃ។ល។ ត្រូវប្តូរមកជាព្យាង្គតម្រួតវិញ ចម្លើយ,តម្រូវ, សម្រាប់,កម្លាំង,កម្ពស់,ចម្ការ, ចម្រៀង,ចម្លង,តម្លៃ។ល។ ថ្វីដ្បិតពាក្យខ្លះត្រូវបានប្តូរមកសរសេរជាព្យាង្គតម្រួតក្តី ប៉ុន្តែមានពាក្យខ្លះសម្តេច ជួន ណាត មិនតម្រូវឲ្យសរសេរជាព្យាង្គតម្រួតនោះទេ ពាក្យនោះមានដូចជា ជំងឺ, ជំរុញ មិនអាចសរសេរជាព្យាង្គតម្រួត ជម្ញឺ និង ជម្រុញ បានឡើយ៕
«អុំទូក» ទើបត្រូវ មិនមែន«អ៊ុំទូក» ទេ
វចនានុក្រមខ្មែរបានបញ្ជាក់ពាក្យ «អុំទូក» ជាពាក្យត្រូវ។ «អុំទូក» ជាពិធីបុណ្យជាតិរបស់កម្ពុជា ភាគច្រើនគេនិយមប្រារព្ធឡើងនៅខែវិច្ឆិកា។ ពិធីបុណ្យអុំទូក និងអកអំបុក សំពះព្រះខែ មានរយៈពេល៣ថ្ងៃ។ ជាទូទៅពិធីនេះមានការចូលរួមដោយកីឡាករប្រណាំងទូកជាច្រើន ដើម្បីអុំទូកប្រណាំងគ្នានៅទន្លេចតុម្មុខ។ នៅពេលយប់គេក៏រៀបចំពិធីបណ្តែតប្រទីបផងដែលរំលេចពីប្រទីបរបស់ក្រសួងនានានៅកម្ពុជា ដើម្បីរំលឹកដល់ព្រះគង្គានៃព្រះធរណីដែលបានជួយស្រោចស្រង់ដល់វិស័យកសិកម្ម។ ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម្លេះ។ ក្នងអំឡុងឆ្នាំ១១៧៧ មានពួកចាមបានលើកទ័ពមកលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេល៤ឆ្នាំ។ ព្រះបាទជ័យវរ្ម័នទី៧ បានប្រើយុទ្ធសាស្ត្រជាច្រើន ដើម្បីកំចាត់ពួកចាម រហូតដល់បានសម្រេច និងដណ្តើមបានទឹកដីមកវិញ។ បន្ទាប់មកនៅឆ្នាំ១១៨១ ព្រះអង្គក៏បានគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិឡើងវិញ និងបានធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើន។ ពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យអុំទូកនេះឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់គំរូភាពនៃការលះបង់របស់កងទ័ពខ្មែរដែលបានការពារទឹកដីខ្មែរ ហើយបានចាត់ទុកពិធីបុណ្យអុំទូកជាពិធីបុណ្យជាតិខ្មែរដ៏ធំបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម៕
ពាក្យខ្លះ ពេលដាក់ស្រៈ «ិ» ខាងចុង ជានាម តែបើមិនដាក់ ជាកិរិយា
ទោះដាក់ស្រៈ «ិ» នៅខាងចុង ឬមិនដាក់ស្រៈ «ិ» នៅខាងចុងក៏ដោយ ក៏អត្ថន័យនៃពាក្យនោះ មិនប្រែប្រួលដែរ។ ប៉ុន្តែ ពាក្យនោះ នឹងមានតួនាទីផ្សេងពីគ្នា ពោលគឺ បើដាក់ស្រៈ «ិ» នៅខាងចុង គឺដើរតួជានាមសព្ទ តែបើមិនដាក់ស្រៈ «ិ» នៅខាងចុងទេ គឺដើរតួជាកិរិយាសព្ទ។ ពាក្យទាំងនោះ មានដូចជា ច្យុតិ ជានាមសព្ទ តែ ច្យុត ជាកិរិយាសព្ទ, អនុម័តិ ជានាមសព្ទ តែ អនុម័ត ជាកិរិយាសព្ទ, ប្រសូតិ ជានាមសព្ទ តែ ប្រសូត ជាកិរិយាសព្ទ, បញ្ញត្តិ ជានាមសព្ទ តែ បញ្ញត្ត ជាកិរិយាសព្ទ, ឋិតិ ជានាមសព្ទ តែ ឋិត ជាកិរិយាសព្ទ, ប្រព្រឹត្តិ ជានាមសព្ទ តែ ប្រព្រឹត្ត ជាកិរិយាសព្ទ, សន្មតិ ជានាមសព្ទ តែ សន្មត ជាកិរិយាសព្ទ ។ល។ ប៉ុន្តែ ពាក្យខ្លះ អាចសរសេរបានតែម្យ៉ាងគត់ គឺ ដាក់ស្រៈ «ិ» នៅខាងចុង ហើយដើរតួជានាមសព្ទ។ ពាក្យទាំងនោះ មានដូចជា មតិ, គតិ, ប្រវត្តិ, ជាតិ, សម្បត្តិ, ចក្រពត្តិ, ញត្តិ, ញាតិ, ឋានន្តរសក្តិ, វិបត្តិ, ទុគ្គតិ, សុគតិ, នីតិ, បរិយត្តិ, បីតិ, អាណត្តិ, អាបត្តិ ។ល។ ពាក្យទាំងនេះ គឺសុទ្ធតែជានាមសព្ទ ដោយមិនអាចលុបស្រៈ «ិ» ចេញ ដើម្បីឲ្យក្លាយជាកិរិយាសព្ទ នោះទេ៕
«ផ្តុំ» និង«ផ្គុំ»
«ផ្តុំ»មានន័យថា ធ្វើឲ្យជាដុំ ប្រមូល រួបរួមឲ្យជាដុំ ឬជាពួក។ ប្រមូលផ្តុំគ្នា ដើម្បីរួមគ្នារើសសំរាម។ ចំណែក«ផ្គុំ»មានន័យថា ធ្វើឲ្យរួមគ្នា, ឲ្យចូលជិតជាប់នឹងគ្នា។ ផ្គុំដែក ផ្គុំដៃ។ ពាក្យនេះប្រើជាមួយនឹងពាក្យ ផ្សំ បានជាផ្សំផ្គុំ គឺផ្សំឲ្យមេត្រីនឹងគ្នា ឬផ្សំឲ្យបានជាប្តីប្រពន្ធ៕
«បំភ្លើស»និង«បំផ្លើស»មួយណាត្រឹមត្រូវ?
ពាក្យដែលត្រឹមត្រូវគឺ «បំផ្លើស» ដែលមានន័យថា ធ្វើឲ្យលើស ធ្វើឲ្យកើនលើសជ្រុលហួសហេតុ។ ឧទាហរណ៍៖ និយាយបំផ្លើសការពិតទាំងស្រុង។ នេះបើយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត៕
«បោះ»មានន័យខុសពី«បោស»
សម្តេច ជួន ណាត ពន្យល់ពាក្យ«បោះ» ថា ចាប់គ្រវែងឬចោលដោយដៃផ្ងារ បោះឧស, បោះអង្គញ់។ វាយសំពងឲ្យមុតកប់ ឲ្យលិចចុះ បោះបង្គោល, បោះស្នឹង, បោះដែកគោល។ «បោះ» ក៏អាចប្រើក្នុងន័យថា លក់ទំនិញលើកបូកបោះរួបរួមទាំងអស់ ដោយមិនគិតយកចំណេញច្រើន , យកសំពត់ហូល ៣០ ទៅបោះឲ្យហាង ។ ធ្វើឲ្យដិតជាប់ជាស្នាមឬជារូបភាព, ជាក្បាច់រចនា តាមស្នាមចម្លាក់ឬតាមពុម្ព ដែលគេនិយមថា បោះត្រា, បោះពុម្ពអក្សរ, បោះពុម្ពក្បាច់ ជាដើម។ បោះពាក្យ ឬ បោះសម្ដី បញ្ចេញពាក្យសម្ដីទ្រគោះដូចគេបោះអ្វីៗចោល។ បោះសន្ទូចរំលងភ្នំ រំលងអ្នកធំទៅរកឯអ្នកតូចមុនឬរំលងមុខក្រសួងមិនតាមលំដាប់ពីនេះទៅនោះ។ ចំណែក«បោស»វិញ សំដៅថា សម្អាតដោយអំបោស ឬផាត់សម្អាតដោយបាតដៃជាដើម។ បោសច្រាស បោសគ្រវាសវាយវាត់ឲ្យដាច់ស្មៅ ដោយច្រាសវែងធ្វើដោយបន្ទោះឫស្សីមូលៗ ចងឬចាក់ច្បោសជាបាច់ឬដោយអំបោសវែងធ្វើដោយដើមឫស្សីព្រេចជាដើម៕
«វៀង»មានន័យខុសពី«វាង»
វៀងចន្ទន៍ គឺក្រុងចន្ទន៍ ដែលមាននៅក្នុងប្រទេសឡាវប៉ែកខាងកើត។ ចំណែក«វាង»នេះជាគុណសព្ទ ដែលមានន័យថា វៀចវែង ដូចជា ផ្លូវវាង,គំនិតវាង,សម្តីវាង ជាដើម។ វចនានុក្រមសម្តេច ជួន ណាត បានលើកឡើងពាក្យមួយចំនួនដែលមានសទិសសូរ(ពាក្យដែលមានសូរសៀងដូចគ្នា តែអត្ថន័យខុសគ្នា)នោះមានពាក្យ ក,ករ,ក៏, កា,ការ,ការណ៍,កាណ៍,កោដិ,កោដ្ឋ,កោត, ធុន,ធន់, ប្រមាទ,ប្រមាថ, ខណ្ឌ,ខន្ធ,ខាន់ ឬខ័ន ជាដើម៕
«សារៈមន្ទី»,«សារៈមន្ទីរ»និង«សារមន្ទីរ» ប្រើមួយណាទើបត្រូវ?
«សារមន្ទីរ» ជាពាក្យដែលត្រូវតាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត និងមានន័យថា មន្ទីរដាក់របស់មានតម្លៃ។ បច្ចុប្បន្ន វត្ថុបុរាណខ្មែរគ្រប់ទម្រង់គឺសុទ្ធសឹងតែតម្កល់ទុកក្នុងសារមន្ទីរ ដើម្បីជាតឹងតាងសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្វែងយល់ និងស្គាល់ពីតម្លៃនៃវត្ថុបុរាណ វប្បធម៌ និងអរិយធម៌ខ្មែរ ដែលដូនតាខ្មែរបានបន្សល់ទុក៕
«ថេរ»មានន័យដូចគ្នានឹងពាក្យ«ស្ថិរ»និង«ថិរ»ដែរឬទេ?
«ថេរ»,«ស្ថិរ» និង«ថិរ» ជាពាក្យសរសេរប្លែកគ្នា តែខ្លឹមសារដូចគ្នា ដែលមានន័យថា ឋិតនៅបានយូរ, មាំមួន,ខ្ជាប់ខ្ជួន, រឹងប៉ឹង។ វេចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ពាក្យ «ថេរ»សម្រាប់ប្រើជាមួយពាក្យ ឋិត បានជា ឋិតថេរ មានន័យថា តាំងនៅមាំ យឺនយូរ។ សម្រាប់ពាក្យ«ស្ថិរ» និង«ថិរ» ប្រើពីមុខពាក្យដទៃ ដូចជា ស្ថិរកម្ម(ការឋិតថេរ) ស្ថិរចិត្ត(ចិត្តខ្ជាប់ខ្ជួន)ស្ថិរភាព(ភាពឋិតថេរ)៕
«តាំងយូ»មិនមែនជាពាក្យខ្មែរ
«តាំងយូ»ជាពាក្យកម្ចីពីចិន ដែលមានន័យថា ឆត្រក្រាញឫស្សីប្រទាក់ស្រេះអំបោះពាសក្រដាសស្វិតជ្រលក់ជ័រ ឬសំពត់ជ្រលក់ជ័រ, ជ្រលក់ក្រមួនឃ្មុំ ដងឫស្សី ឬឈើមូលមានគន្លឹះ សម្រាប់បាំងភ្លៀង និងកម្តៅថ្ងៃ។ វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានលើកឡើង ពាក្យមួយចំនួនទៀត ដែលជាកម្ចីពីចិន ដោយពាក្យទាំងនោះមាន តាំងឱ ចិនថាត័ងអូ៎, មីសួ, គុយទាវ, ចាប់ហួយ, ហេង, បង្អែមតៅស៊ន,សៀវភៅ ជាដើម៕
ពាក្យ ដែលមាន «អនុ» នៅខាងដើម តែងបង្ហាញពី «ឋានៈទាប»
ជាទូទៅ ពាក្យណា ដែលផ្សំដោយ «អនុ» នៅខាងដើម ពាក្យនោះ តែងមានលក្ខណៈបែបស្តាប់បង្គាប់ ឬស្ថិតនៅក្រោមបញ្ជារបស់បុគ្គលណាម្នាក់។ ម្យ៉ាងទៀត ពាក្យ ដែលមាន «អនុ» នៅខាងដើម ច្រើនតែបង្ហាញពីឋានៈ ឬតួនាទីណាមួយ ដែលមានសិទ្ធិអំណាច តិចជាងអ្នកដទៃ។ ពាក្យដែលមាន «អនុ» នៅខាងដើម មានដូចជា អនុការី (អ្នកធ្វើការរង), អនុគណ (គណៈបន្ទាប់, គណៈរង, គណៈបន្ទាប់), អនុចារី (អ្នកធ្វើតាម), អនុត្ថេរ (ថេរៈបន្ទាប់, ថេរៈតូច), អនុទោស (ទោសតូច, ទោសបន្ទាប់បន្សំ), អនុនាយក (នាយកបន្ទាប់, នាយករង), អនុមន្ត្រី (មន្ត្រីបន្ទាប់, មន្ត្រីថ្នាក់រង), អនុរដ្ឋលេខាធិការ (រដ្ឋលេខាធិការរង), អនុវត្ត (ប្រព្រឹត្តតាម, ធ្វើតាម) ។ល។
«ប៉ាន»មានន័យខុសពី«ប៉ាន់»
«ប៉ាន» សំដៅលើពាសពីលើ,ស្រោបថែម,ដាក់ ឬពាក់ប្រដាប់ ដែលហៅថា ប៉ាន។ បើពាក្យ«ប៉ាន់»វិញ មានន័យថា សូនធាតុដីជ្រាយឲ្យកើតបានជារូប។ វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ថា «ប៉ាន»ជាកិរិយាសព្ទ មានន័យថា ពាសពីលើ ស្រោបថែម។ ត្រូវប៉ានដែកថែបមួយផ្ទាំងទៀត, ប្រយ័ត្ន! ក្បាលអ្នកឯងមិនមែនប៉ានដែកទេ កុំហ៊ានពេក។ «ប៉ាន»ជានាមសព្ទមានន័យថា ប្រដាប់សម្រាប់គ្រប រឺសម្រាប់ប៉ះភ្ជាប់។ ប៉ានមុខគោ,ប៉ានដៃ។ រីឯកិរិយាសព្ទ«ប៉ាន់»វិញ សំដៅលើ សូនធាតុដីជ្រាយឲ្យកើតជារូបអ្វីៗ។ ប៉ាន់រូប។ «ប៉ាន់»មានន័យម្យ៉ាងទៀតថា បែងចែក,បូកបោះ,លៃមើល។ ប៉ាន់មើលទៅឃើញអស់ប្រាក់ចំនួន២០០០រៀល។ និយាយជា បូកប៉ាន់ ក៏បាន។ ប្រើ«ប៉ាន់»ជានាមសព្ទវិញ មានន័យថា ជាភាជនៈធ្វើដោយដៃវិសេស មានដៃ មានចំពួយ សម្រាប់ឆុងតែ។ ប៉ាន់តែ តែមួយប៉ាន់។ «ប៉ាន់»ប្រើជាគុណសព្ទវិញ មានន័យថា វៀច ទ្រេត ផត។ ក្បាលប៉ាន់៕
«អំបោះ»មានន័យខុសពី«អំបោស»ឬ«អម្បោស»ដូចម្តេច?
«អំបោះ»មានន័យថា សរសៃសំឡីដែលរវៃរួចហើយ មានប្រវែងវែងៗ សម្រាប់ត្បាញសំពត់ជាដើម អំបោះឆៅ, សំពត់អំបោះ អំបោះភ្លុក។ ហុចអំបោះស្រណោះដៃ ឲ្យអ្វីៗមាននំចំណីជាដើមទៅអ្នកដទៃ ដោយមានសង្ឃឹមថាគេនឹងឲ្យអ្វីៗតបមកវិញពុំខាន( ឲ្យដោយសម្លឹងប្រយោជន៍ភ្លាមៗ ) ។ ចំណែក«អំបោស»ឬ«អម្បោស» សំដៅលើ ប្រដាប់សម្រាប់បោស។ អម្បោសជក់ត្នោត,អម្បោសជក់ដូង,អម្បោសស្លាបសត្វ៕
ទំព័រទី២ < ទំព័រទី៣ > ទំព័រទី៤
ប្រភព ៖ គេហទំព័រ ថ្មីៗ
Comments are closed.