Skip to content

January 8, 2019

ដំណើរកម្សាន្ដសិក្សានៅខេត្តសៀមរាប

by NEY SOKRA

រោងចក្រផលិតទឹកបរិសុទ្ធគូលែន

អត្ថបទខ្លីរៀបរៀងដោយ​ ៖ Henri S., Noray N. et Vincent D.

ពេលយើងចូលទៅក្នុងរោងចក្រផលិតទឹកបរិសុទ្ធគូលែន វាមានបរិយាកាសហប់បន្តិច និងអត់សូវមានខ្យល់ ហើយក្ដៅតិចៗ។ ក្រៅពីនេះយើងឃើញថាទីធ្លារោងចក្ររាងតូច គ្របដណ្ដប់ទៅដោយឥដ្ឋពណ៌ខៀវ។ នៅក្នុងរោងចក្រមានអាហារដ្ឋាន បន្ទប់ប្រជុំ សួនច្បារមួយនៅខាងក្រៅ។ ពួកយើងបានឃើញកម្មកររោងចក្រផលិតដបទឹកសុទ្ធ និងបំពេញទឹកបរិសុទ្ធគូលែននៅក្នុងរោងចក្រជាមួយនឹងម៉ាស៊ីនធំៗជាច្រើន។ យើងបានឃើញសួនច្បារនៅខាងក្រៅរោងចក្រមួយធំណាស់។ គេយកទឹកបរិសុទ្ធចេញពីភ្នំគូលែន។

ម៉ាស៊ីនផលិតដបទឹកសុទ្ធ
ម៉ាស៊ីនកម្ដៅប្លាស្ទិក

សាលាបារាំងទិសបូព៌ា

អត្ថបទខ្លីរៀបរៀងដោយ​ ៖ Edward P. , Lucas U. et Darwin K.

នៅពេលយើងទៅខេត្តសៀមរាប យើងបានទៅទស្សនាសាលាបារាំងទិសបូព៌ា (Ecole Française Extrême Orient)។ សាលានេះមានជំនាញខាងសិប្បកម្មឆ្នាំងដី ខ្អម និងរូបចម្លាក់ផ្សេងៗ។ នៅទីនោះមានបណ្ណាល័យដែលមានសៀវភៅឯកសារនិយាយអំពីប្រវត្តិខ្អម ថូ ឆ្នាំងដី ព្រមទាំងមានការតាំងរូបសំណាក់ និងវត្ថុប្រើប្រាស់បុរាណៗ ដែលបានជីកកកាយរកឃើញពីបណ្ដាខេត្តនានានៃប្រទេសកម្ពុជា។ នៅក្នុងបណ្ណាល័យក៏មានការបង្ហាញពីឯកសារវីដូនិយាយអំពីការផលិតឆ្នាំងដីពីបណ្ដាប្រទេសផ្សេងៗផងដែរ។

លោកគ្រូកំពុងពន្យល់ពួកយើងពីសាលាបារាំងទិសបូព៌ា
លោកគ្រូកំពុងពន្យល់ពួកយើងពី ឡ កម្ដៅ ធ្វើក្អម ឆ្នាំងដី

អង្គរវត្ត

អត្ថបទខ្លីរៀបរៀងដោយ​ ៖ Kamonique T., Sammavatey S. et Jennisha L.

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ពួកខ្ញុំបានទៅលេងអង្គរវត្តនៅខេត្តសៀមរាបជាមួយថ្នាក់5eme ទាំងអស់។ ពេលពួកខ្ញុំទៅដល់ គេឆែកលិខិតឆ្លងដែនរបស់ពួកខ្ញុំទាំងអស់គ្នាដើម្បីបញ្ចាក់ថាពួកខ្ញុំ ជាកូនខ្មែរ បើនរណាម្នាក់មិនមែនជាកូនខ្មែរ អ្នកនោះត្រូវបង់លុយ៣៦ដុល្លារ។ ពួកខ្ញុំបានទៅមើលរូបចម្លាក់នៅតាមជញ្ចាំងប្រាសាទ ប៉ុន្តែពួកខ្ញុំមិនបានឡើងទៅលើប្រាសាទអង្គរវត្តទេព្រោះមានមនុស្សច្រើនពេក។ ពួកខ្ញុំក៏បានឃើញអប្សារាមានធ្មេញដែរ នាងមើលទៅគួរឱ្យខ្លាចបន្តិចសម្រាប់ពួកខ្ញុំ។ ក្រោយពីបានទៅលេងប្រាសាទអង្គរវត្តរួច ពួកខ្ញុំមានអារម្មណ៍ថាពួកខ្ញុំបានរៀនអំពីប្រវត្តិសាស្រ្ដរបស់ប្រទេសខ្មែរ និងសង្គ្រាមរវាងប្រជាជនខ្មែរ ចាម និងសៀម។ យើងបានដឹងថាប្រជាជនចិនបានជួយយើងនៅពេលសង្រ្គាម។ យើងបានស្គាល់ល្បែងកម្សាន្ដនាសម័យកាលនេះ ដូចជា ការជល់មាន់ ជល់ជ្រូកព្រៃ ជល់គោ ស្ទូចត្រី -ល-។ ពួកខ្ញុំក៏នឹកស្មានមិនដល់ថាខ្មែរយើងអាចសាងសង់ប្រាសាទដ៏ស្រស់ស្អាតនេះបានដែរ។ ពួកខ្ញុំបានត្រឡប់មកវិញយ៉ាងសប្បាយរីករាយ៕

ចម្លាក់នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត
ទិដ្ឋភាពខាងមុខអង្គរ

ភូមិអណ្ដែតទឹក

អត្ថបទខ្លីរៀបរៀងដោយ​ ៖ Munipich L., Vivian O. et Orfea N.

នៅពេលព្រឹកថ្ងៃទី៣ យើងបានទៅទស្សនាភូមិអណ្ដែតទឹក។ ពេលយើងជិះទៅកន្លែងទូករបស់យើង យើងបានជិះកាត់ផ្ទះអ្នកភូមិជាច្រើន។ អ្នកភូមិផ្លាស់ប្ដូរទីកន្លែងដោយសារទូករបស់ពួកគេ។ សម្រាប់ចំណីអាហារ អ្នកភូមិអាចទៅនេសាទត្រីដោយផ្ទាល់ ឬអាចនឹងទិញបន្លែ ត្រី សាច់ និងផ្លែឈើ ដែលមានលក់នៅតាមទូក។ ផ្ទះរបស់អ្នកភូមិធ្វើមកអំពីឈើ ស័ង្កសី។ ពួកគាត់ប្រើប្រាស់ទឹកបឹងដែលពួកគាត់រស់នៅពីលើ ទៅតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់។ ពួកអ្នកភូមិញ៉ាំអាហារដូចជាត្រី បន្លែ និងចេក។ ពួកយើងបានឃើញសិស្សានុសិស្សជិះទូកទៅសាលារៀនរបស់ពួកគេ។

ពួកយើងមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញពីជីវភាពរបស់ពួកអ្នកភូមិអណ្ដែតទឹក ដែលមានភាពខុសគ្នាពីការរស់នៅប្រចាំថ្ងៃរបស់ពួកយើង ព្រោះថាពួកគេរស់នៅលើទូក ត្រូវផ្លាស់ទីដោយប្រើទូក ឯពួកខ្ញុំផ្លាស់ទីដោយរថយន្ដ ម៉ូតូ ឬមធ្យោបាយផ្សេងទៀត៕

សិស្សានុសិស្សជិះទូទស្សនាភូមិអណ្ដែតទឹក

ល្ខោនសែ្បក

អត្ថបទខ្លីរៀបរៀងដោយ​ ៖ Alika D., Ponnareay R. et William K.

គឺជាទម្រង់នៃការនិទានរឿង និងកម្សាន្ដ។ ខ្មែរមានល្ខោនស្បែក៣ប្រភេទ ដូចជា ស្បែកតូច ស្បែកធំ និងស្បែកពណ៌។ ស្បែកតូច មានទំហំតូច ត្រូវធ្វើឡើងពីបំណែកស្បែកផ្សេងៗគ្នា ហើយមានចលនាអាកម្រើកបាននៅកដៃ កែងដៃ ជង្គង់។ ស្បែកធំ មានទំហំធំ ហើយតួអង្គទាំងមូល នៅក្នុងឈុតមួយ មិនអាចធ្វើចលនា ឬកម្រើកបានដូចស្បែកតូចនោះទេ។ ស្បែកពណ៌ គឺតួអង្គស្បែកនីមួយៗមានពណ៌ពីលើ ហើយជាទូទៅគេតែងតែសម្ដែង ល្ខោនស្បែកពណ៌នៅពេលថ្ងៃ រីឯស្បែកតូច និងស្បែកធំ គឺសម្ដែងនៅពេលយប់ ឬតាមទីកន្លែងដែលគ្មានពន្លឺ។

ល្ខោនស្បែកតូច កំពុងសម្ដែងល្ខោនក្របី នៅ Bamboo Stage ខេត្តសៀមរាប
ក្រុមសម្ដែងងកំពុងបន់ស្រន់មុនពេលសម្ដែងល្ខោនស្បែកតូច

តើរូបស្បែកត្រូវធ្វើដូចម្ដេច?

ល្ខោនស្បែកធ្វើអំពីស្បែកគោ ឬស្បែកក្របី។ ការធ្វើស្បែកមានរយៈពេលជាងមួយសប្ដាហ៍។ មុនដំបូង ត្រូវយកស្បែកគោ ឬក្របី មកចៀឱ្យស្អាត រួចលាបថ្នាំពណ៌ត្នោត ហាលឱ្យស្ងួតសិន មានរយៈពេល៣ ទៅ៤ថ្ងៃ ទើបគេយកដែកមុតកោស ហើយចេញជារូបសត្វ រូបដើមឈើ រូបមនុស្ស ឬរូបយក្ស។ បន្ទាប់មកគេដាប់ស្បែក ឬឆ្លាក់ឱ្យចេញជារូបរាងទាំងនោះ។

មុននឹងលេងល្ខោនស្បែក

គឺចាប់ផ្ដើមបង្ហាញតួអង្គនីមួយៗ ដែលត្រូវសម្ដែង ហើយភាគច្រើនល្ខោនស្បែក គេសម្ដែងនៅពេលយប់។ រាល់ពេលសម្ដែងល្ខោនស្បែក ត្រូវតែមានភ្លេងអមជាមួយនឹងរូបភាព។ មុននឹងលេងល្ខោនស្បែក គេតែងតែបន់ស្រន់ ព្រោះរូបស្បែកកំពុងតែដេក ដូចនេះគេបន់ស្រន់ឱ្យរូបស្បែកក្រោកឡើង ដើម្បីសម្ដែងបានល្អ គួរជាទីពេញចិត្ត៕

ប្រាសាទបាយ័ន

អត្ថបទខ្លីរៀបរៀងដោយ​ ៖ Philly P. et Myrabelle M.

ទិដ្ឋភាពប្រសាទបាយ័ន
ទិដ្ឋភាពការដើរទស្សនាប្រាសាទបាយ័ន

ពួកខ្ញុំបានទៅលេងប្រាសាទបាយ័ន។ នៅប្រាសាទនោះមានផ្ទាំងរូបចម្លាក់នៅលើថ្មជាច្រើន។ លោកគ្រូអ្នកគ្រូបានរៀបរាប់ពន្យល់ពីរូបចម្លាក់នីមួយៗ។ ក្នុងផ្ទាំងរូបចម្លាក់មួយ ពួកយើងបានឃើញរូបកងទ័ពខ្មែ ឡាវ និងចិនប្រយុទ្ធគ្នា។ ពួកយើងទាំងអស់គ្នាមានអារម្មណ៍រំភើបជាខ្លាំង ដែលពួកយើងបានឃើញរូបចម្លាក់ទាំងនោះ។

Read more from default Categories

Comments are closed.

%d bloggers like this: